(ព្យុងយ៉ាង)៖ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងកំពុងផលិតនាវាមុជទឹកថ្មីចំនួន ០២គ្រឿង ដែលមានសមត្ថភាពបាញ់មីស៊ីលផ្លោងបាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
របាយការណ៍នេះបានកើតមានឡើង ស្របពេលដែលកិច្ចចរចាកម្រិតខ្ពស់លើកទី ៩ រវាងកូរ៉េខាងត្បូង និងទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) នឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងប្រធានបទពាក់ព័ន្ធផ្សេងៗទៀត។ កាលពីខែតុលាកន្លងទៅនេះ កូរ៉េខាងជើងបានបង្ហាញការវិវឌ្ឍន៍ថ្មីៗនៃយោធារបស់ខ្លួន គឺមីស៊ីលផ្លោងសម្រាប់បាញ់ពីនាវាមុជទឹក និងមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ នៅក្នុងពិធីព្យុហយាត្រាយោធាដ៏ធំ ដែលប្រារព្ធឡើងនៅក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតគណបក្សកាន់អំណាចពលករកូរ៉េ។
បើតាមការអង្កេតមើល ទោះបីជាកូរ៉េខាងជើងមានការរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍វិស័យការពារជាតិកូរ៉េខាងត្បូង លោក ណាំ សេគ្យូ (Nam Sae-kyu) បាននិយាយថា បច្ចេកវិទ្យារបស់កូរ៉េខាងត្បូងនៅតែមានភាពជឿនលឿនជាងឆ្ងាយ ហើយយោធារបស់ប្រទេសលោក អាចបាញ់ស្ទាក់មីស៊ីលដែលទើបបង្កើតថ្មីៗ របស់រដ្ឋធានីព្យុងយ៉ាងបាន។
គួរបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានក្លាយជាកង្វល់របស់សហគមន៍អន្តរជាតិ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ សហរដ្ឋអាមេរិក និងកូរ៉េខាងជើងមានកិច្ចប្រជុំកំពូលនុយក្លេអ៊ែរចំនួន ២ លើកនៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ប៉ុន្តែទីបំផុតភាគីទាំងពីរនៅតែប្រឈមនឹងភាពជាប់គាំង ខណៈទីក្រុងវ៉ាស៊ីនតោនទាមទារឱ្យទីក្រុងព្យុងយ៉ាង រុះរើមូលដ្ឋាននុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង ដើម្បីទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម ស្របពេលកូរ៉េខាងជើងបានបដិសេដ និងទាមទារឱ្យដកការរឹតត្បិតនេះចេញ មុនពេលចាប់ផ្ដើមការលុបបំបាត់អាវុធនុយក្លេអ៊ែរ៕