(វីយែន)៖ អំពើភេរវកម្មនៅកណ្ដាលរដ្ឋធានីវីយែន ប្រទេសអូទ្រីស ជាទីដែលក្រុមខ្មាន់កាំភ្លើងសម្លាប់មនុស្ស ០៣នាក់ និងបង្កឱ្យមនុស្សជាច្រើននាក់រងរបួស បានធ្វើឡើងក្រោមការដឹកនាំដោយមនុស្សម្នាក់ ដែលជាអ្នកគាំទ្រក្រុមភេរវករ ISIS។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃអូទ្រីស ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានមួយ តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីមហាផ្ទៃអូទ្រីស លោក ខាល ណេហេមមើ (Karl Nehammer) បានឱ្យដឹងទៀតថា ខ្មាន់កាំភ្លើងម្នាក់ដែលពាក់ខ្សែក្រវាត់គ្រាប់បែកក្លែងក្លាយ ត្រូវបានប៉ូលិសបាញ់សម្លាប់ ខណៈប៉ូលិសកំពុងតាមប្រមាញ់ជនសង្ស័យ ជាខ្មាន់កាំភ្លើងច្រើននាក់ទៀត។ បន្ថែមពីលើនេះ បើតាមប៉ូលិសអូទ្រីស ជនស៊ីវិល ០៣នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងនោះមានបុរស ០២នាក់ និងស្ត្រីម្នាក់ ហើយមនុស្ស ១៥នាក់ ក្នុងនោះមានប៉ូលិសម្នាក់ផងដែរបានរងរបួស។
គួរជម្រាបថា អធិការបតីអូទ្រីស លោក សេបាស្ទាន ខឺហ្វ (Sebastian Kurz) បានចាត់ទុកថា ការវាយប្រហារលើទីតាំងមួយចំនួន ស្ថិតនៅកណ្ដាលរដ្ឋធានីវីយែន កាលពីយប់ថ្ងៃចន្ទ គឺជាការវាយប្រហារភេរវកម្ម ដែលកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងវិធានការបិទប្រទេសមួយផ្នែកប្រឆាំង COVID-19 ដោយតម្រូវឱ្យបិទភោជនីយដ្ឋាន, ហាងកាហ្វេ និងសណ្ឋាគារ រួមទាំងការរឹតត្បិតការធ្វើដំណើរត្រូវចូលជាធរមាន៕