(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានបើកដំណើរអង្គភាពទ័ពអាកាសថ្មីមួយ ដែលទទួលបន្ទុកលើការគ្រប់គ្រង និងបញ្ជាសម្ភារៈស៊ើបការណ៍សម្ងាត់សំខាន់ៗរបស់ជាតិ ក្នុងនោះរួមមានទាំងយន្ដហោះដ្រូន RQ-4 គ្លោបលហក (RQ-4 Global Hawk) ដែលជាផលិតផលរបស់អាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
កងអង្គភាពស៊ើបការណ៍សំងាត់ទី ៣៩ ដែលជាកងអង្គភាពស៊ើបការណ៍សម្ងាត់ ដំបូងបំផុតរបស់កូរ៉េខាងត្បូង នៅត្រូវឈរជើងនៅឯមូលដ្ឋានទ័ពអាកាសមួយក្នុងទីក្រុង ឈុងជូ (Chungju)។ កងអង្គភាពនេះ នឹងទទួលខុសត្រូវលើការធ្វើប្រតិបត្តិការ សម្ភារៈស៊ើបការណ៍សម្ងាត់សំខាន់ៗទាំង ០៥ ក្នុងនោះរួមមាន យន្ដហោះដ្រូន Global Hawk, យន្ដហោះ RF-16 និងយន្ដហោះស៊ើបការណ៍ RC-800 ហ្គឹមហ្គាង (RC-800 Geumgang) និងប្រព័ន្ធយន្ដហោះដ្រូនស៊ើបការណ៍ នៅក្នុងរយៈកម្ពស់មធ្យមជាដើម។
គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង ការបង្កើតអង្គភាពទ័ពអាកាសថ្មីខាងលើ គឺមានគោលបំណងពង្រឹងសមត្ថភាពតាមដានការគំរាមកំហែងនានា ជាពិសេសពីកូរ៉េខាងជើងតែម្ដង។ ក្រៅពីការង្កើតកងអង្គភាពស៊ើបការណ៍សម្ងាត់ថ្មីនេះ សេចក្តីរាយការណ៍កន្លងទៅក៏បានបញ្ជាក់ផងដែរថា កូរ៉េខាងត្បូងគ្រោងនឹងដាក់ពង្រាយបន្ថែម នូវប្រព័ន្ធការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ហើយគ្រាន់តែគ្រាន់បានលឺដំណឹងនេះភ្លាម ទីក្រុងព្យុងយ៉ាងបានចេញមុខ ព្រមានកូរ៉េខាងត្បូងទុកជាមុន៕