(អ៉ីស្តង់ប៊ុល)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់តួកគី បានឱ្យដឹងនៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះ រញ្ជួយដី ដែលបានវាយប្រហារលើតំបន់ Aegean នៃប្រទេស បានកើនដល់១០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។
បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់តួកគី អ្នករងរបួស១៤៧នាក់ កំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ខណៈ៨៤៧នាក់ ត្រូវ បានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរជម្រាបថា គ្រោះរញ្ជួដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្រ Aegean កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយវាគឺជាគ្រោះរញ្ជួយដីផ្ដាច់ជីវិតមនុស្ស ច្រើនជាងគេបំផុតមួយ នៅក្នុងប្រទេសតួកគី ចាប់តាំងពីគ្រោះរញ្ជួយដីវាយប្រហារទីក្រុង Van កាលពីឆ្នាំ២០១១ ដោយផ្ដាច់ជីវិតមនុស្សច្រើនជាង៥០០នាក់៕