(វ៉ាស៊ីនតោន)៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិក បានចាប់ផ្ដើមជាផ្លូវការហើយនៅព្រឹកថ្ងៃអង្គារនេះ ក្នុងរដ្ឋញូហេមសឺ (New Hampshire) ស្ថិតនៅភាគឦសានសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងសហរដ្ឋអាមេរិក ដោយសាររដ្ឋនីយមួយៗមានល្វែងម៉ោងខុសៗគ្នា ដូច្នេះពេលវេលាបើកការិយាល័យបោះឆ្នោតក៏ខុសគ្នាដែរ ដោយមានរដ្ឋខ្លះដូចជារដ្ឋ New Hampshire ចាប់ផ្ដើមបោះឆ្នោតមុនគេ និងខ្លះទៀតចាប់ផ្ដើមបោះឆ្នោតតាមក្រោយជាបន្តបន្ទាប់។ តាមការពិតការបោះឆ្នោតប្រធានាធិបតី បានចាប់ផ្ដើមតាំងតែពីខែកញ្ញាមកម្ល៉េះ ដោយប្រជាជនអាមេរិកនាំគ្នាបោះឆ្នោតមុនកាលកំណត់។
ជាក់ស្ដែង បើតាមទិន្នន័យការបោះឆ្នោត គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ពលរដ្ឋអាមេរិកាំងច្រើនជាង ៩៧លាននាក់ហើយ បានទៅបោះឆ្នោតមុនកំណត់ ទាំងតាមការបោះឆ្នោតតាមប្រៃសណីយ៍ និងការបោះឆ្នោតនៅឯការិយាល័យដោយផ្ទាល់ នៅតាមរដ្ឋនីមួយៗក្នុងសហរដ្ឋអាមេរិក ខណៈពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុប នៅក្នុងអាណត្តិឆ្នាំ២០២០នេះ គឺមានរហូតដល់ជាង ២៤០លាននាក់។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ បេក្ខប្រធានាធិបតីគឺមានពីររូប គឺលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលជាអ្នកត្រូវព្យាយាមការពារតំណែងប្រធានាធិបតី ឲ្យបានមួយអាណត្តិទៀត រីឯលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ ជាអ្នកឡើងមកដណ្ដើមកៅអីនេះពីសេតវិមាន។ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី លោក ត្រាំ ឬលោក បៃដិន ត្រូវការសំឡេងអ្នកបោះឆ្នោតតំណាង ២៧០រូប ក្នុងចំណោម ៥៣៨រូប៕