(សេអ៊ូល)៖ របាយការណ៍ចុងក្រោយរបស់ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញឱ្យដឹងថា ប្រទេសកូរ៉េខាងជើងមិនបានរាយការណ៍ថា មានករណីឆ្លង COVID-19 ផ្ទុះឡើងនៅក្នុងប្រទេសមួយនេះឡើយ សូម្បីតែមួយករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yonhap នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមរបាយការណ៍ចុងក្រោយរបស់ WHO ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តរក COVID-19 លើមនុស្សសរុបចំនួន ១០,៤៦២នាក់ ប៉ុន្តែគ្មានករណីវិជ្ជមានណាមួយត្រូវបានរាយការណ៍ឡើយ បើគិតត្រឹមថ្ងៃទី២៩ ខែតុលាកន្លងទៅថ្មីៗនេះ។ WHO បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមមនុស្ស ៥,៣៦៨នាក់ដែលត្រូវបានគេសង្ស័យថា អាចកើនជំងឺ COVID-19 នៅប្រទេសកូរ៉េខាងជើងនោះ មាន ០៨នាក់ជាជនបរទេស ហើយមនុស្សសរុបចំនួន ១៦១នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែតុលា។ WHO ក៏បានគូសបញ្ជាក់បន្ថែមថា ជនជាតិកូរ៉េខាងជើង ៨៤៦នាក់ឯណោះត្រូវបានគេសង្ស័យថា បានឆ្លង COVID-19 នេះ ប៉ុន្តែរាល់ការធ្វើតេស្តទាំងអស់បានចេញលទ្ធផល «អវិជ្ជមាន»។
គួរជម្រាបថា ប្រទេសកូរ៉េខាងជើងបានអះអាងថា «មិនមានករណីឆ្លង COVID-19» នៅក្នុងប្រទេសរបស់ខ្លួនឡើយ ប៉ុន្តែការព្យាយាមគ្រប់គ្រង និងទប់ស្កាត់គឺមានភាពរហ័សរហួនណាស់ ដោយមានការបិទព្រំដែនប្រទេសរបស់ខ្លួន តាំងពីដើមឆ្នាំ២០២០ មកម្ល៉េះ និងមានវិធានការរឹតបន្តឹងនានាបន្ថែមទៀតផង៕