(បាងកក)៖ សកម្មជនថៃចំនួន ០៤នាក់ រួមទាំងមេដឹកនាំការតវ៉ាប្រឆាំងរដ្ឋាភិបាល និងមេធាវីការពារសិទ្ធិមនុស្សលោក អាណុន ណាំប៉ា (Arnon Nampa) ត្រូវបានដោះលែងវិញហើយនៅព្រឹកថ្ងៃអង្គារនេះ ហើយពួកគេបានសន្យាថា នឹងបន្តប្រយុទ្ធដើម្បីបណ្តេញនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ចេញពីដំណែង និងដើម្បីធ្វើកំណែទម្រង់រាជាធិបតេយ្យនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆកា ឆ្នាំ២០២០។
ក្រុមសកម្មជនដែលត្រូវបានដោះលែងខាងលើនេះ គឺស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ ដែលត្រូវបានប៉ូលិសចាប់ខ្លួន អំឡុងពេលដែលរដ្ឋាភិបាលដាក់ចេញនូវវិធានជាបន្ទាន់ កាលពីខែមុន ដើម្បីព្យាយាមបញ្ចប់ការតវ៉ា ដែលបានបានបន្តអូសបន្លាយជាច្រើនខែមកហើយនោះ ប៉ុន្តែបានអូសទាញមនុស្សរាប់ម៉ឺននាក់បន្ថែមទៀត ឲ្យចូលរួមការតវ៉ានៅតាមផ្លូវ នៅក្នុងទីក្រុងបាងកកទៅវិញ។ សកម្មជន ០៤នាក់ត្រូវបានដោះលែង បន្ទាប់ពីតុលាការបានសម្រេចថា ប៉ូលិសបានបំពានសិទ្ធិក្នុងការឃុំខ្លួនពួកគេ ប៉ុន្តែពួកគេនៅតែប្រឈមការចោទប្រកាន់ ពីបទបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ និងការចោទប្រកាន់ផ្សេងៗទៀតពាក់ព័ន្ធនឹងការតវ៉ា។
ក្រោយការដោះលែងភ្លាមៗពីពន្ធនាគារមួយនៅទីក្រុងបាងកក លោក អាណុន (Arnon) សកម្មជនមួយរូបក្នុងចំណោមបួនរូប បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររាប់រយនាក់ ដែលប្រមូលផ្តុំគ្នានៅទីនោះយ៉ាងដូច្នេះថា «ពួកយើងចេញពីគុកវិញហើយ ហើយក៏ត្រៀមខ្លួនរួចជាស្រេចដែរ ដើម្បីប្រយុទ្ធម្តងទៀត»។ លោក Arnon បានបំពានលើបំរាមរិះគន់របបរាជានិយម កាលពីខែសីហាមកម្ល៉េះ ជាពេលដែលលោកបានអំពាវនាវជាចំហ ឲ្យមានការធ្វើកំណែទម្រង់ ដើម្បីទប់ស្កាត់អំណាចរបស់ព្រះមហាក្សត្រ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)។
បន្ថែមពីខាងលើនេះ អ្នកដែលត្រូវបានដោះលែងមួយរូបទៀតដែរ គឺលោក ឯកាឆៃ (Ekachai Hongkangwan) និងលោក ស៊ូរ៉ាណាត (Suranat Paenprasert) ដែលប្រឈមនឹងការចោទប្រកាន់ពីបទប្រើអំពើហិង្សា ប្រឆាំងនឹងព្រះមហាក្សត្រិយានី នៅក្នុងឧប្បត្តិហេតុមួយ ដែលកាលនោះក្បួនរថយន្តរបស់ព្រះមហាក្សត្រី សុធីតា (Suthida) ត្រូវបានឡោមព័ទ្ធដោយក្រុមបាតុករ។ ការចោទប្រកាន់អាចអនុវត្តទោសប្រហារជីវិត ប្រសិនបើសុវត្ថិភាព ឬព្រះជនរបស់ព្រះមហាក្សត្រិយានីត្រូវបានគេគិតថា បានរងគំរាមកំហែង ហើយក្នុងករណីផ្សេងទៀត ពួកគេអាចជាប់ពន្ធនាគាររវាង ១៦ឆ្នាំ ដល់អស់មួយជីវិត ប្រសិនបើពួកត្រូវបានរកឃើញថា ពិតជាមានទោសបែបនោះមែន។
គួរបញ្ជាក់ថា បាតុកម្មនៅប្រទេសថៃបានផ្ទុះឡើងជាង ៣ខែមកហើយ ដើម្បីទាមទារឲ្យមានកំណែទម្រង់របបរាជាធិបតេយ្យ ក៏ដូចជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបណ្តេញនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ដែលជាអតីតមេដឹកនាំរបបយោធា ដែលក្រុមបាតុករចោទប្រកាន់លោកថា ជាអ្នករៀបចំល្ខោននៃការបោះឆ្នោតកាលពីឆ្នាំ២០១៩ ដើម្បីអាចបន្តរក្សាអំណាច ដែលលោកបានដណ្តើមក្រោយរដ្ឋប្រហារឆ្នាំ២០១៤។
ជុំវិញបញ្ហាខាងលើនេះ ព្រះបរមរាជវាំងទីក្រុងបាងកក នៅតែមិនទាន់ធ្វើកិច្ចអត្ថាធិប្បាយអ្វីឡើយ ចាប់តាំងពីការការតវ៉ាផ្ទុះឡើងដំបូង រហូតមកទល់នឹងពេលនេះ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ព្រះមហាក្សត្រថៃបានមានព្រះបន្ទូលយ៉ាងកម្រជាភាសាអង់គ្លេស ទៅកាន់អ្នករាយការណ៍នៃសារព័ត៌មាន CHANNEL 4 របស់ចក្រភពអង់គ្លេស អំឡុងពេលទ្រង់យាងចេញស្វាគមន៍ក្រុមអ្នកគាំទ្រ នៅពីមុខព្រះរាជវាំងជាមួយអគ្គមហេសីព្រះអង្គថា «យើងស្រឡាញ់ពួកគេទាំងអស់ (ប្រជានុរាស្ត្រ) ហើយប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល»៕