(ហូឡង់)៖ រថភ្លើងនៅប្រទេសហូឡង់ត្រូវបានជួយសង្គ្រោះ ពីគ្រោះមហន្តរាយនៅថ្ងៃចន្ទសប្តាហ៍នេះ នៅពេលដែលវាបានបុករបាំងសុវត្ថិភាព ប៉ុន្តែមិនបានធ្លាក់ចូលទឹកឡើយ ដោយសាររូបចម្លាក់កន្ទុយត្រីបាឡែនដ៏ធំមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆកា ឆ្នាំ២០២០។
អ្នកបើកបរដែលជាមនុស្សតែម្នាក់គត់ នៅលើរថភ្លើងមិនបានរងរបួសនោះទ្បើយ នៅក្នុងឧប្បត្តិហេតុដែលបានកើតឡើង នៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទនៅតំបន់ ស្ពីចខិនណីស (Spijkenisse) ជិតទីក្រុងកំពង់ផែ រ៉ូតធើដាំ (Rotterdam)។ ទូររថភ្លើងផ្នែកខាងមុខបានធ្លាក់ផ្លូវរត់ប្រហែលជា ១០ម៉ែត្រនៅលើទឹក ជាប់នៅលើរូបចម្លាក់ពណ៌ប្រាក់យក្សដែលឈ្មោះថា «រក្សាទុកដោយកន្ទុយត្រីបាឡែន»។
លោក ខាលី ហ្គ័រធើ (Carly Gorter) មន្ត្រីនៃអាជ្ញាធរសុវត្ថិភាពនៅក្នុងតំបន់ រីនម៉ុនដ៍ (Rijnmond) បានប្រាប់សារព័ត៌មាន AFP យ៉ាងដូច្នេះថា «រថភ្លើងនោះបានរត់ធ្លាក់ផ្លូវ ហើយត្រូវបានជាប់នៅលើរូបចម្លាក់កន្ទុយត្រីបាឡែន»។ មន្ត្រីរូបនោះបានបន្ត «អ្នកបើកបរត្រូវបានគេជួយសង្គ្រោះ ហើយវាជារឿងដែលពិតជាមិនគួរឲ្យជឿសោះ»។
រូបចម្លាក់នោះត្រូវបានគេសាងសង់ប្រហែល ២០ឆ្នាំមកហើយ នៅក្នុងឧទ្យានមួយនៅពីក្រោមផ្លូវរត់រថភ្លើង។ វាមានកន្ទុយត្រីបាឡែនពីរធំៗលាតចេញពីលើទឹក ហើយមួយក្នុងចំណោមនោះបានជួយសង្គ្រោះរថភ្លើង។
គួរបញ្ជាក់ថា អ្នកបើកបរត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរចម្លើយ ហើយមូលហេតុនៃការធ្លាក់ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ។ ក្រុមអ្នកជំនាញរួមទាំងស្ថាបត្យកររូបចម្លាក់ បានទៅដល់កន្លែងកើតហេតុ ដើម្បីរកវិធីដើម្បីស្ទូចយករថភ្លើងចេញដោយសុវត្ថិភាព ប៉ុន្តែបញ្ហាចម្បងគឺមានទឹកនៅជុំវិញនោះ ដូច្នេះហើយទើបដងស្ទូចមិនអាចចូលដល់ទីនោះបានទេ ហើយឥឡូវនេះខ្យល់កំពុងបក់ខ្លាំង ដែលបានក្លាយជាបញ្ហាបន្ថែម៕