(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆកា ឆ្នាំ២០២០ នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១២នាក់បន្ថែម ដែលនាំឲ្យករណីសរុបនៅទូទាំងប្រទេសកើនដល់១,១៩២ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ករណីឆ្លងថ្មីទាំង ១២ករណីខាងលើ គឺសុទ្ធតែជាប្រភេទករណីនាំចូលពីប្រទេសខាងក្រៅ។ ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន ០២នាក់ផងដែរ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញ ពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១,០៦៥នាក់។ ចំណែកឯ ករណីស្លាប់វិញមានចំនួនសរុប ៣៥នាក់ ក្នុងចំណោមករណីឆ្លងទាំងអស់ខាងលើ។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថាខ្លួនមិនបានរកប្រភេទករណីឆ្លងក្នុងស្រុក អស់រយៈពេល ៦១ថ្ងៃជាប់ៗគ្នាមកហើយ។ ស្របពេលជាមួយគ្នានេះដែរ វៀតណាមក៏បានចាប់ផ្តើមធ្វើតេស្តសាកល្បងវ៉ាក់សាំង COVID-19 របស់ខ្លួន ទៅលើសត្វស្វាផងដែរ ដែលជាការបោះជំហានថ្មីមួយទៀត លើកិច្ចការអភិវឌ្ឈវ៉ាក់សាំងមួយនេះ៕