(វែលលីងតុន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ បានបង្ហាញនូវសមាជិកគណៈរដ្ឋមន្រ្តីចម្រុះថ្មីៗជាច្រើនរូប ដោយរួមបញ្ចូលទាំងឧបនាយករដ្ឋមន្រ្តីស្រឡាញ់ភេទដូចគ្នា ដោយបើកចំហដំបូងបង្អស់ របស់ប្រទេសនូវែលសេឡង់ និងរដ្ឋមន្រ្តីការបរទេស ដែលមានរូបសាក់បែបម៉ាអូរិ (Maori) នៅលើចង្កាផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
នាយករដ្ឋមន្រ្តីរូបនេះបានធ្វើការកែប្រែជួរគណៈរដ្ឋមន្រ្តីរបស់ខ្លួន បន្ទាប់ពីទទួលបានជ័យជម្នះលើការបោះឆ្នោត ដោយបាននិយាយថា អាទិភាពក្នុងអាណត្តិទី ២ របស់លោកស្រី គឺជាការទប់ស្កាត់ និងការគ្រប់គ្រងជំងឺឆ្លងរាតត្បាតសកល (COVID-19) និងជាការលើកកម្ពស់ការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងប្រទេសនូវែលសេឡង់ផងដែរ។
លោកស្រី Ardern បានតែងតាំងលោក ហ្គ្រែនត៍ រ៉ូប៊ឺតសុន (Grant Robertson) ជាឧបនាយករដ្ឋមន្ត្រីថ្មី ដែលធ្វើឱ្យលោកក្លាយជាមនុស្សដែលស្រលាញ់ភេទដូចគ្នា ដំបូងបង្អស់នៅប្រទេសនូវែលសេឡង់ ដែលឡើងកាន់តំណែងនេះ។ ចំណែកឯស្ត្រី និងសមាជិកនៃសហគមន៍ Maori ក៏ត្រូវបានតំណាងនៅក្នុងជួរគណៈរដ្ឋមន្រ្តីថ្មីទាំង ២០រូបផងដែរ រួមទាំងរដ្ឋមន្រ្តីការបរទេសថ្មី លោកស្រី ណាណៃអា ម៉ាហ៊ូតា (Nanaia Mahuta) ដែលមានរូបសាក់បែប Maori នៅលើចង្កាទៀតផង។
គួរបញ្ជាក់ថា នៅក្នុងការតែងតាំងតំណែងគណៈរដ្ឋមន្រ្តីថ្មីៗខាងលើនេះ លោកស្រី Ardern បានសម្ដែងការត្រេកអរយ៉ាងខ្លាំង ដោយបាននិយាយថា «ពួកគេគឺជាគណៈរដ្ឋមន្រ្តី ដែលមានគុណសម្បត្តិ និងទេពកោសល្យដ៏ធំធេងដែលមិនគួរឱ្យជឿ ហើយក្នុងនាមជាប្រទេសមួយ យើងគួរតែមានមោទនភាពចំពោះរឿងនេះ»៕