(ម៉ូស្គូ)៖ ក្រុមហ៊ុនផលិតឱសថរុស្ស៊ី ហ្វាម៉ាស៊ីនតែស (Pharmasyntez) បានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលរុស្ស៊ី ដើម្បីអាចផលិតថ្នាំជំនាន់ក្រោយមួយ ដោយមានសមាសធាតុ គីមីដូចគ្នាទៅនឹងថ្នាំព្យាបាលកូវីដ១៩ រេមដេស៊ីវៀ (remdesivir) ផលិតដោយក្រុមហ៊ុនអាមេរិក Gilead Sciences ដោយមិនចំាបាច់មានបណ្ណប៉ាតង់។ នេះបើតាមប្រព័ន្ធផ្សព្វ ផ្សាយរុស្ស៊ី ដកស្រងដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក វីក្រាម ពូញ៉ា (Vikram Punia) ជានាយកក្រុមហ៊ុន Pharmasyntez មានមូលដ្ឋានក្នុងតំបន់ស៊ីបេរី ធ្លាប់បានប្រាប់ Reuters ថាក្រុមហ៊ុនរបស់លោកបានស្នើសុំក្រុមហ៊ុន Gilead នូវអាជ្ញាបណ្ណ ដើម្បីផលិត និងចែកចាយថ្នាំ នៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែ ដោយផ្អែកលើលិខិតដែលលោក ពូញ៉ា ផ្ញើឱ្យក្រសួងពាក់ព័ន្ធជាច្រើនរបស់រុស្ស៊ី សារព័ត៌មានវេដូម៉ូស្ទី (Vedomosti) បានអះអាងថា ក្រុមហ៊ុន Pharmasyntez មិនអាចផលិតថ្នាំដែលសមាសធាតុគីមី ដូចគ្នាទៅនឹងថ្នាំព្យាបាលកូវីដ១៩ រេមដេស៊ីវៀ (remdesivir) បានឡើយ ដោយសារតែបណ្ណប៉ាតង់ ហើយក្រុមហ៊ុន Gilead ក៏មិនបានឆ្លើយតបនឹងសំណើររបស់ក្រុមហ៊ុនរបស់លោកនោះដែរ។
ដូច្នេះហើយ ទើបក្រុមហ៊ុន Pharmasyntez បានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដើម្បីអាចផលិតថ្នាំក្នុងប្រទេសរុស្ស៊ី ដោយមិនចាំបាច់ទទួលបានការអនុញ្ញាតពីម្ចាស់ បណ្ណប៉ាតង់។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតឱសថរុស្ស៊ីមួយនេះ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានវេដូម៉ូស្ទី នៅឡើយទេ។
គួរជម្រាបថា ក្រុមហ៊ុនអាមេរិក Gilead Sciences បានផ្ដល់ការអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួន ក្នុងប្រទេសចំនួន១២៧ អាចផលិតថ្នាំរបស់ខ្លួនបាន ហើយប្រទេសទាំងនេះទៀត សោត ភាគច្រើនជាប្រទេសដែលរកបានប្រាក់ចំណូលទាប ឬប្រឈមមុខនឹងឧបសគ្គច្រើនខាងប្រព័ន្ធសុខភិបាល៕