(ឡាវ)៖ ពលរដ្ឋអាស៊ាន ជាពិសេសពលរដ្ឋមកពីរដ្ឋសមាជិកថ្មីៗ រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា មានការភ្ញាក់ផ្អើល នៅពេលដឹងថា អ្នកការពារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដ៏គួរឱ្យគោរពម្នាក់ បានសម្រេចចិត្តឈប់ការពារអាស៊ានទៀតហើយ ហើយបានផ្ញើសារដែលបង្កឱ្យមានការភាន់ច្រលំទៅកាន់ពិភពលោក ដោយលើកថា ប្រទេសឡាវ និងកម្ពុជា គួរត្រូវបានបណ្ដេញចេញពីអាស៊ាន។

មានសំណួរជាច្រើន ត្រូវបានចោទសួរ ដើម្បីស្វែងរកមូលហេតុអ្វី ដែលជំរុញឱ្យអតីតអ្នកការទូតគឺ អគ្គរដ្ឋទូត ប៊ីឡាហារី កូស៊ីកាន ផ្លាស់ប្ដូរចិត្ដគំនិតរបស់គាត់។ ហេតុអ្វីគាត់សម្រេចចិត្ដប្រឆាំងទៅនឹងចក្ខុវិស័យរបស់បិតាស្ថាបនិកអាស៊ាន និងប្រជាពលរដ្ឋអាស៊ាន?ហេតុអ្វីគាត់មិនជំរុញការលើកកម្ពស់ធម្មនុញ្ញអាស៊ាន ទាំងដែលគាត់ផ្ទាល់បានចូលរួមចំណែកលើផ្នែកខ្លឹមសារ? ហេតុអ្វីគាត់ទម្លាក់ចោលគោលការណ៍នានា ដែលបានចែងនៅក្នុងសន្ធិសញ្ញាមិត្ដភាពនិងសហប្រតិបត្ដិការនៅតំបន់អាស៊ីអាគ្នេយ៍ និងហេតុអ្វីគាត់មិនរើសរបៀបវារៈបន្ទាន់ផ្សេងទៀតមកសរសេរ ដើម្បីជាប្រយោជន៍សម្រាប់តំបន់ ជាពិសេសនៅពេលដែលប្រមុខដឹកនាំ រដ្ឋាភិបាល និងប្រជាជនអាស៊ាន កំពុងប្រឹងប្រែងរួមគ្នា ក្នុងការជំនះនូវផលប៉ះពាល់បំផ្លិចបំផ្លាញពីជំងឺរាតត្បាតកូវីដ-១៩ និងការបន្ដដំណើរទៅមុខ ដើម្បីកសាងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ។

ថ្ងៃនេះ ពួកយើងដែលជាអ្នកការទូតឡាវចូលនិវត្ដន៍ បានរួមគ្នាសរសេរលិខិតចំហនេះ ដើម្បីបញ្ជាក់ថា ពួកយើងមានការឈឺចាប់ និងអាក់អន់ស្រពន់ចិត្ដយ៉ាងខ្លាំង ចំពោះអត្ថបទរបស់ អគ្គរដ្ឋទូត ប៊ីឡាហារី កូស៊ីកាន ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រ Mothership កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។ អត្ថបទនេះបានជំរុញការបំបែកបំបាក់អាស៊ាន តាមរយៈការលើកឡើងនូវគំនិតរបស់លោក កូស៊ីកាន ដែលស្នើថា អាស៊ានគួរតែកាត់ប្រទេសឡាវ និងកម្ពុជាចេញពីអាស៊ាន ប្រសិនបើពួកគេនៅតែបន្ដសម្រេចិត្តលើជម្រើសខុស ឬត្រូវមហាអំណាចខាងក្រៅដឹកនាំ។ ក្នុងបរិបទនេះ យើងមិនត្រឹមតែចង់ជម្រាបសហគមន៍ អន្ដរជាតិប៉ុណ្ណោះទេ ប៉ុន្ដែក៏ចង់រំលឹកអគ្គរដ្ឋទូត ប៊ីឡាហារី ផងដែរថា សាររបស់លោកមិនមាន ទស្សនៈវែងឆ្ងាយ រាក់កំភែល បង្កាច់បង្ខូច និងមានការវិនិច្ឆ័យខុស។

បន្ថែមលើនេះ និងគួរឱ្យសោកស្ដាយផងដែរនោះ អគ្គរដ្ឋទូត កូស៊ីកាន បានព្រងើយកន្តើយចំពោះ សង្គ្រាមរ៉ាំរ៉ៃ និងជូរចត់របស់ប្រជាជាតិពីរ ដែលបានតស៊ូប្រយុទ្ធដើម្បីឯករាជ្យ ដែលបណ្ដាលឱ្យបាត់បង់ជីវិត និងបង្ហូរឈាមមនុស្សរាប់មិនអស់។ ចំពោះប្រទេសឡាវ សង្គ្រាមដ៏ជូរចត់នេះ មិនមែនត្រឹមតែនាំមកនូវពលីកម្មដូចខាងលើប៉ុណ្ណោះទេ ប៉ុន្តែ បន្ថែមលើនេះ មួយភាគបីនៃផ្ទៃដីសរុបរបស់ឡាវគឺនៅមានសេសសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមិនត្រឹមតែបានសម្លាប់ប្រជាជនជាច្រើននាក់រៀងរាល់ឆ្នាំប៉ុណ្ណោះទេ តែថែមទាំងដកហូតសិទ្ធិរបស់ប្រជាជនឡាវក្នុងការអភិវឌ្ឍថែមទៀត។

បន្ទាប់ពីទទួលបានឯករាជ្យយ៉ាងលំបាក សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងប្រជាជនរបស់ខ្លួន មានការយល់ដឹងយ៉ាងច្បាស់ថា ឯករាជ្យ សន្ដិភាព និងកិច្ចសហប្រតិបត្ដិការ អភិវឌ្ឍ ពិតជាមានតម្លៃខ្លាំងណាស់។

ឡាវក៏ដឹងមិនចាញ់ប្រទេសដទៃក្នុងពិភពលោកនេះដែរ នៅក្នុងការរៀបចំគោលនយោបាយការបរទេសដើម្បីបម្រើផលប្រយោជន៍ជាតិខ្លួន។ ឡាវប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសសន្ដិភាព ឯករាជ្យ មិត្ដភាព និងកិច្ចសហប្រតិបត្ដិការ។ ឧទាហរណ៍ល្អមួយគឺ សាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ មិនបានកាត់ផ្ដាច់ទំនាក់ទំនងការទូត ជាមួយសហរដ្ឋអាមេរិកនោះទេ ថ្វីបើកន្លងមកមានសង្គ្រាមជូរចត់ និងរឿងរ៉ាវពលីកម្មជាច្រើនដែលគេមិនបានដឹងលឺ ប៉ុន្ដែឡាវថែមទាំងបានចូលរួមក្នុងកិច្ចសហការមនុស្សធម៌ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការស្វែងរកអដ្ឋិធាតុយោធាអាមេរិកដែលបានបាត់ខ្លួននៅប្រទេសឡាវទៀតផង។ នៅខែកក្កដា ឆ្នាំ១៩៩២ នៅមុនពិធីប្រគល់ឋានៈឡាវ ជាអ្នកសង្កេតការណ៍អាស៊ាន រៀបចំឡើងដោយហ្វីលីពីនដែលជាប្រធានអាស៊ាន និងមានការចូលរួមពីរដ្ឋមន្រ្ដីការ បរទេសអាស៊ានទាំងអស់ ប្រទេសឡាវបានប្រកាសគោលជំហរខ្លួនយ៉ាងឱឡារឹកថា ឡាវបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ដដំណើរទៅមុខដោយបំភ្លេចចោលអតីតកាល និងដើរឆ្ពោះទៅរកកិច្ចសហប្រតិបត្ដិការដែលមានប្រយោជន៍ទៅវិញទៅមក ជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់។

គោលនយោបាយការបរទេសរបស់ឡាវត្រូវបានឆ្លុះបញ្ចាំងផងដែរ នៅក្នុងច្បាប់វិនិយោគផ្ទាល់ពីបរទេសរបស់ឡាវ ដែលត្រូវបានគេចាត់ទុកថាជាច្បាប់ដែលមានភាពសេរីបំផុតមួយ នៅក្នុងតំបន់ដែលទទួលស្វាគមន៍វិនិយោគិនពីគ្រប់ទិសទីនៃពិភពលោក។ ច្បាប់នេះគឺមានអនុលោមភាពជាមួយនឹងគោលនយោបាយសម្លឹងឆ្ពោះទៅខាងក្រៅរបស់អាស៊ាន ដែលត្រូវបានរៀបចំឡើង ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីដៃគូសន្ទនាទាំងអស់ និងតួអង្គដទៃទៀត ដើម្បីទទួលបានទីផ្សារក្រៅប្រទេសដ៏ធំរបស់ពួកគេ ការផ្ទេរបច្ចេកវិទ្យានិងចំណេះធ្វើ ដើម្បីធានានូវមជ្ឈភាពអាស៊ាន និងពង្រឹងសម្លេង និងជំហរអាស៊ានបន្ថែមទៀត នៅលើឆាកអន្តរជាតិ។

លើសពីនេះទៀត យើងចង់រំលឹកអគ្គរដ្ឋទូត កូស៊ីកាន ថា ចាប់តាំងពីការចូលអាស៊ាននៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ១៩៩៧ ប្រទេសឡាវគឺជារដ្ឋសមាជិកប្រកបដោយមោទនភាព និងមានការទទួលខុសត្រូវ។ ប្រទេសឡាវមិនត្រឹមតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវរាល់គោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងឯកសារផ្សេងៗទៀតប៉ុណ្ណោះទេ ប៉ុន្តែ ឡាវក៏បានសម្របផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំរបស់ខ្លួន ទៅនឹងការកសាងសហគមន៍អាស៊ាន ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសឡាវ និងប្រទេសផ្សេងទៀត ជាពិសេសប្រទេសសមាជិកអាស៊ានចាស់។

ក្នុងរយៈពេលពីរទសវត្សចុងក្រោយក្នុងនាមជាសមាជិកអាស៊ាន ប្រទេសឡាវបង្កើតបានសមិទ្ធផលយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទោះបីជាការចាប់ផ្តើមអភិវឌ្ឍដំបូងនៅមានកម្រិតទាប ដោយសារតែសង្គ្រាមបំផ្លិចបំផ្លាញដ៏ជូរចត់ក៏ដោយ។ នៅក្នុងកំឡុងពេលនោះ ប្រទេសឡាវបានចូលរួមចំណែកដល់អាស៊ានតាមទិដ្ឋភាពជាច្រើន។

ទីមួយ ស្ថិរភាពនយោបាយក្នុងស្រុករបស់ប្រទេសឡាវមានសារៈសំខាន់ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ទីពីរ ទីតាំងភូមិសាស្ត្ររបស់ប្រទេសឡាវដែលជាច្រកទ្វារចេញចូលជាមួយប្រទេសចិន បានក្លាយជាទីតាំងកាន់តែសំខាន់ និងមានប្រយោជន៍ដល់អាស៊ាន។ ផ្លូវដែលខ្លី និងសន្សំសំចៃបំផុតនៃបណ្តាញផ្លូវដែកសិង្ហបុរី - គុនមីង (SKRL) ឆ្លងកាត់ប្រទេសឡាវ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២១ គឺជាឧទាហរណ៍ដ៏ល្អមួយ។ គំរោងនេះក៏នឹងជួយសម្រេចផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ ។ នៅពេលដែលបញ្ចប់ គម្រោងនេះនឹងក្លាយជាការ តភ្ជាប់ផ្លូវដែកដំបូងគេ ដែលមិនធ្លាប់មានរវាងអាស៊ាន ចិន សាធារណរដ្ឋកូរ៉េ អាស៊ីកណ្តាល និងអឺរ៉ុប។ ប្រសិនបើគ្មានការសម្រេចចិត្តរបស់ឡាវក្នុងការស្វែងរកថវិកា និងការគាំទ្រផ្នែកបច្ចេកទេសពីប្រទេសចិនទេ SKRL ដែលត្រូវបានស្នើឡើងជាលើកដំបូងដោយអាស៊ានក្នុងឆ្នាំ ១៩៩៥ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិអាស៊ានស្តីពីការអភិវឌ្ឍអាងទន្លេមេគង្គ (AMBDC) កាលពីជាងពីរទសវត្សរ៍មុននោះ នឹងមិនអាចក្លាយជាការពិតឡើយ។ បន្ថែមពីលើនេះ បណ្តាញផ្លូវអាកាសដែលមានស្រាប់ ការតភ្ជាប់ផ្លូវហាយវ៉េឆ្លងកាត់ប្រទេសឡាវ ទៅគុនមីង ឥឡូវនេះកំពុងដំណើរការសាងសង់។

ទីបី ប្រទេសឡាវមិនត្រឹមតែជាម្ចាស់ផ្ទះដ៏ល្អសម្រាប់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមវិភាគទានយ៉ាងសំខាន់ដល់ធម្មនុញ្ញអាស៊ាននិងឯកសារផ្សេងទៀតផងដែរ។ ប្រទេសឡាវក៏បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប (ASEM) ក្នុងឆ្នាំ ២០១២ ដោយជោគជ័យផងដែរ។

ប្រទេសឡាវក៏បានរៀបចំកិច្ចពិភាក្សាទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅពេលដែលប្រទេសឡាវជាប្រធានអាស៊ានក្នុងឆ្នាំ២០០៤។ ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួនដើម្បីរំលឹកដល់អគ្គរដ្ឋទូត កូស៊ីកាន ។

សារចុងក្រោយរបស់យើងគឺថាប្រទេសឡាវ ជារដ្ឋឯករាជ្យ និងអធិបតេយ្យ។ ប្រទេសឡាវដឹងច្បាស់ផងដែរថា យើងចាំបាច់មិនត្រឹមតែលើកកម្ពស់ផលប្រយោជន៍ជាតិរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងផលប្រយោជន៍ក្នុងតំបន់ផងដែរ។ ប្រទេសឡាវគឺជាសមាជិកល្អ និងមានទំនួលខុសត្រូវ នៅអង្គការសហប្រជាជាតិ អាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក និងស្ថាប័នអន្តរជាតិជាច្រើនទៀត។ ទាំងនេះគឺជាអង្គការដែលគោរពមូលដ្ឋានច្បាប់ ដែលប្រទេសឡាវបានប្រកាន់ខ្ជាប់ខ្ជួន។

ប្រទេសឡាវនិងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត បានចូលរួមចំណែករៀងៗខ្លួនក្នុងការលើកកម្ពស់ និងថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងក្រៅតំបន់។ ប្រទេសឡាវមានសក្តានុពលខ្លាំងដែលអាចបង្កើតកាលានុវត្តភាព និងអត្ថប្រយោជន៍កាន់តែច្រើនដល់អាស៊ាន នៅពេលដែលមានការរួមបញ្ចូលសមិទ្ធផល និងអនុភាពទាំងនោះជាមួយរដ្ឋសមាជិកអាស៊ានដទៃទៀត។

ក្នុងឋានៈជាអតីតអ្នកការទូត អគ្គរដ្ឋទូត កូស៊ីកាន គួរតែស្វែងយល់អំពីបញ្ហានេះនិងលើកកម្ពស់ឯកភាពអាស៊ាន ជាជាងការបំបែកបំបាក់អាស៊ាន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់រដ្ឋសមាជិកអាស៊ាននីមួយៗ និងអាស៊ានទាំងមូល។

យើងសង្ឃឹមថា «ទង្វើមិនសមរម្យ និងគួរឱ្យខ្មាស់អៀន» (faux-pas) ការទូតបែបនេះដែលមិនមានប្រយោជន៍ទាល់តែសោះក្នុងវិស័យការទូត ហើយនិងអត្ថបទប្រមាថបែបនេះ នឹងលែងមានតទៅទៀត។ យើងជឿជាក់យ៉ាងមុតមាំថា ការប៉ុនប៉ងរបស់អគ្គរដ្ឋទូត កូស៊ីកាន នឹងមិនទទួលជោគជ័យឡើយ នៅពេលដែលគាត់ដើរតែសាបព្រោះភាពមិនចុះសម្រុង និងការបំបែកបំបាក់អាស៊ាន ហើយទីបំផុត ទំនុកចិត្ត និងកេរ្តិ៍ឈ្មោះរបស់គាត់ទេដែលត្រូវប៉ះពាល់នោះ។

វៀងច័ន្ទ, ថ្ងៃទី ៣០ ខែតុលាឆ្នាំ២០២០
សមាជិកនៃក្លឹបអ្នកការទូតឡាវ