(វ៉ាស៊ីនតោន)៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកានេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ដែលជាថ្ងៃសម្រេចថាតើលោក ដូណាល់ ត្រាំ អាចរក្សាតំណែងជាប្រធានាធិបតីមួយអាណត្តិទៀត ឬក៏ត្រូវគូប្រជែងរបស់លោក គឺលោក ចូ បៃដិន ជាបេក្ខជនប្រធានាធិបតីតំណាងឱ្យ គណបក្សប្រជាធិបតេយ្យ ដណ្ដើមយកទៅបាត់?
បើតាមស្ថាប័នបោះឆ្នោតអាមេរិក ប្រជាជនអាមេរិក ច្រើនជាង៧០លាននាក់ហើយ បានបោះឆ្នោតមុនកាលកំណត់ទាំងតាមប្រៃសណីយ៍ និងទម្លាក់សន្លឹកឆ្នោត នៅឯការិយាល័យបោះឆ្នោតដោយផ្ទាល់។ តាមការពិតទៅ ទាំងប្រជាជនអាមេរិកដែលបានបោះឆ្នោតមុនកាលកំណត់ និងអ្នកចាំទៅបោះឆ្នោត នៅថ្ងៃទី០៣ ខែវិច្ឆិកា គឺមិនមែនបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះទេ តែពួកគេត្រូវបោះឆ្នោតជ្រើសរើស «អ្នកបោះឆ្នោតតំណាង» ហើយក្រោយមកទើបអ្នកបោះឆ្នោត តំណាងទាំងនេះ បោះឆ្នោតជ្រើសរើសដោយផ្ទាល់ អនាគតប្រធានាធិបតីរវាងលោក ត្រាំ និងលោក បៃដិន។
ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី លោក ត្រាំ ឬ លោក បៃដិន ត្រូវប្រមូលសំឡេងអ្នកបោះឆ្នោតតំណាងឱ្យបាន២៧០រូប ក្នុងចំណោមអ្នកបោះឆ្នោតតំណាងសរុបទាំង ៥៣៨រូប។ មកទល់នឹងពេលនេះ ការស្ទង់មតិថ្នាក់ជាតិនៅតែបង្ហាញថាលោក បៃដិន នឹងជាប់ឆ្នោតជាប្រធានាធិបតីដោយនាំមុខលោក ត្រាំ ជាង១០ពិន្ទុ។ ក៏ប៉ុន្តែបទពិសោធន៍ នៃការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ នៅតែបន្តលងបន្លាចគណបក្សប្រជាធិបតេយ្យ និងអ្នកជំនាញមួយចំនួនដែល យល់ថាលោក ត្រាំ នៅតែមាន ឱកាសឈ្នះ។ តើឱកាសបែបណាទៅ? ហើយថាតើលោក ត្រាំ អាចនឹងទទួលបានសំឡេងអ្នកបោះឆ្នោតតំណាង២៧០រូប ដោយរបៀបណា?
*ផ្លូវឈ្នះរបស់លោក ចូ បៃដិន
ផ្ទុយពីលោក ត្រាំ លោក ចូ បៃដិន ត្រូវបានគេមើលឃើញថាមានផ្លូវ និងឱកាសច្រើនជាង ដើម្បីជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ការស្ទង់មតិចុងក្រោយបំផុតរបស់ CNN បង្ហាញថាលោក បៃដិន នឹងកក់ទុកអ្នកបោះឆ្នោតតំណាង២០៣រូបជាមុន ពីបណ្ដារដ្ឋដែលមានប្រពៃណី ឬជាទូទៅបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ។
ដូច្នេះ នៅក្នុងករណីលោក បៃដិន អាចយកឈ្នះក្នុងរដ្ឋណេវ៉ាដា (អ្នកបោះឆ្នោតតំណាង៦រូប) និងរដ្ឋខូឡូរ៉ាដូ (៩រូប), មីននីសូតា (១០រូប), មីឈីហ្គែន (១៦រូប) និងរដ្ឋ វីស្កុនស៊ី (១០រូប) នោះលោកនឹងទទួលបានអ្នកបោះឆ្នោតតំណាង២៥៤រូប ហើយដើម្បីឱ្យប្រាកដ លោក បៃដិន ត្រូវការតែរដ្ឋ ផែនសលវេនៀ ដែលជាទឹកដីកំណើត របស់លោកមួយទៀតតែប៉ុណ្ណោះ នោះលោកនឹងទទួលបានអ្នកបោះឆ្នោតតំណាង២៧៤រូប ដែលគ្រប់គ្រាន់ឱ្យលោកផ្ដួលលោក ត្រាំបាន។
នៅក្នុងសេណារីយ៉ូនេះ ទោះបីជាលោក បៃដិន ចាញ់លោក ត្រាំ ក្នុងរដ្ឋផ្លរីដា,ចចចៀ,តិចសាស់, អារីហ្សូណា, អាយអូវ៉ា និងរដ្ឋអូហាយ៉ូ ក៏ដោយ ក៏លោកនៅតែអាចជាប់ឆ្នោត ជាប្រធានាធិបតីដដែល។
*ផ្លូវឈ្នះរបស់លោក ដូណាល់ ត្រាំ
នៅក្នុងការបោះឆ្នោតឆ្នាំ២០២០នេះ ផ្លូវទៅរកជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ត្រូវបានអ្នកជំនាញភាគច្រើនយល់ថា មានភាពតូចចង្អៀត ឬទាល់តែមានអព្ភូតហេតុ និងលក្ខខណ្ឌពិសេសណាមួយកើតឡើង ទើបលោកអាចឈ្នះ។ បើតាមការស្ទង់មតិចុងក្រោយបំផុតរបស់ CNN លោក ដូណាល់ ត្រាំ នឹងទទួលបានអ្នកបោះឆ្នោតតំណាង ១២៥រូបពីបណ្ដារដ្ឋ ដែលជាទូទៅបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋ។ បើបូកបញ្ចូលជាមួយបណ្ដារដ្ឋស្វីងស្ដេត (Swing States) ឬ battleground states ដែលតែងតែ បោះឆ្នោតជូនបេក្ខជនប្រធានាធិបតីតំណាងបក្សសាធារណរដ្ឋ ដូចជារដ្ឋតិចសាស់ (មានអ្នកបោះឆ្នោតតំណាង៣៨រូប), ចចចៀ (១៦), អូហាយ៉ូ (១៨) និងរដ្ឋ អារីហ្សូណា (១១) នោះលោក ត្រាំ នឹងទទួលបានអ្នកបោះឆ្នោតតំណាង ២០៨រូប។
ក្នុងរយៈពេលជិតមួយស.វមកនេះ គ្មានបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សសាធារណរដ្ឋណាម្នាក់ ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ដោយមិនទទួលបានជ័យជម្នះ ក្នុងរដ្ឋផ្ល័ររីដា នោះទេ។ ដូច្នេះសម្រាប់លោក ត្រាំ ក៏ដូចគ្នាដែរ គឺលោកត្រូវការឈ្នះក្នុងរដ្ឋផ្ល័ររីដា (មានអ្នកបោះឆ្នោតតំណាង២៩រូប) នោះលោកនឹងទទួលបាន អ្នកបោះឆ្នោតតំណាង២៣៧រូប។
ទន្ទឹមគ្នានោះដែរ បើលោក ត្រាំ ឈ្នះក្នុងរដ្ឋអាយអូវ៉ា (មានអ្នកបោះឆ្នោតតំណាង៦រូប) និងរដ្ឋន័ស ខារ៉ូឡៃណា (១៥រូប) បូកបន្ថែមរដ្ឋផែនសលវេនៀ (២០រូប) នោះ លោកនឹងទទួលបានអ្នកបោះឆ្នោតតំណាង២៧៨រូប ដែលនេះជាសំឡេងភាគច្រើនគ្រប់គ្រាន់ អាចឱ្យលោកបន្តអង្គុយលើកៅអីប្រធានាធិបតីមួយអាណត្តិទៀត។
បើតាមការស្ទង់មតិ លោក បៃដិន កំពុងនាំមុខលើលោក ត្រាំ ក្នុងរដ្ឋ រដ្ឋន័ស ខារ៉ូឡៃណា និងរដ្ឋ ផែនសលវេនៀ ខណៈលោក ត្រាំ នំាមុខក្នុងរដ្ឋអាយអូវ៉ា។ ក៏ប៉ុន្តែកាលពី ឆ្នាំ២០១៦ លោក ត្រាំ ធ្លាប់ឈ្នះម្ដងរួចមកហើយ ក្នុងរដ្ឋទាំងបីនេះ ជាពិសេសគឺរដ្ឋផែនសលវេនៀ។
គួរជម្រាបថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ ត្រូវបានគេពឹងថាអាចនឹងមានភាពចម្រូងចម្រាសជាច្រើន បន្ទាប់ពីលោក ត្រាំ មិនបានសន្យាថាលោកនឹងទទួល ស្គាល់លទ្ធផលបោះឆ្នោត នៅពេលលោកចាញ់លោក ចូ បៃដិន។ អ្នកជំនាញខ្លះយល់ឃើញថា «សន្លឹកបៀរ» ចុងក្រោយ ដែលលោក ត្រាំ នឹងអាចប្រើប្រាស់ដើម្បីឈ្នះ ឆ្នោតម្ដងទៀត នោះគឺធ្វើឱ្យការបោះឆ្នោតមានភាពច្របូកច្របល់តាមផ្លូវច្បាប់ ដោយជំទាស់លទ្ធផលបោះឆ្នោត ឬស្នើឱ្យមានការរាប់សន្លឹកឆ្នោត ដែលប្រជាជនអាមេរិក បោះតាមប្រៃសណីយ៍ឡើងវិញ តាមរយៈតុលាការកំពូល ជាទីដែលមានសំឡេងអភិរក្សនិយមភាគច្រើន។ មិនតែប៉ុណ្ណោះ សេណារីយ៉ូ ឆ្នាំ១៨៧៦ ក៏ត្រូវបានអ្នកជំនាញ ទាំងនេះគិតថាលោក ត្រាំ អាចនឹងប្រើផងដែរ គឺធ្វើឱ្យការសម្រេចរកអ្នកឈ្នះ-ចាញ់ រវាងលោក និងលោក បៃដិន ធ្លាក់ទៅដល់ដៃសភាតំណាងរាស្ត្រ ឬគេស្គាល់ថា «contingent election»។
«contingent election» គឺជាការបោះឆ្នោត ដែលសភាតំណាងរាស្ត្រជ្រើសរើសប្រធានាធិបតី រីឯព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតី។ ការបោះឆ្នោតនៅក្នុង ព្រឹទ្ធសភា គឺប្រព្រឹត្តទៅជាធម្មតា ដោយបេក្ខជនអនុប្រធានាធិបតី ត្រូវរកឱ្យបានសំឡេងចំនួន ៥១ ឬច្រើនជាងនេះក្នុងចំណោមសមាជិកព្រឹទ្ធសភា សរុប១០០នាក់។ រីឯ ការបោះឆ្នោតរើសប្រធានាធិបតី នៅក្នុងសភាតំណាងរាស្ត្រ មិនមែនធ្វើឡើងដោយសមាជិកសភាតំណាងរាស្ត្រនោះទេ តែធ្វើឡើងតាមរយៈប្រតិភូប្រចាំរដ្ឋ ឬគេហៅថា «state delegation» ដែលកំណត់យកតែមួយសំឡេងប៉ុណ្ណោះ តំណាងប្រតិភូទាំងអស់នៃរដ្ឋនីមួយៗ។ និយាយឱ្យខ្លីរដ្ឋមួយ មានសំឡេងតែមួយគត់។
បេក្ខជនប្រធានាធិបតីត្រូវប្រមូលសំឡេងឱ្យបាន២៦សំឡេង ឬច្រើនជាងនេះ។ បច្ចុប្បន្ននៅក្នុងចំណោមរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិកគណបក្សសាធារណរដ្ឋមាន ប្រតិភូភាគច្រើននៅក្នុងរដ្ឋចំនួន ២៦ រីឯគណបក្សប្រជាធិបតេយ្យ មានប្រតិភូភាគច្រើននៅក្នុងរដ្ឋចំនួន ២៣។ យ៉ាងណាក៏ដោយទាំងនេះ គ្រាន់តែជាការព្យាករប៉ុណ្ណោះ ហើយអ្វីដែលគេអាចនឹងដឹងច្បាស់ គឺលទ្ធផលនៅថ្ងៃបោះឆ្នោត៕
ប្រភព៖ CNN (ថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០)