(បាងកក)៖ ព្រះមហាក្សត្រថៃ និងអគ្គមហេសីរបស់ទ្រង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានយាងជួបជាមួយប្រជានុរាស្ត្រដែលគាំទ្ររាប់ពាន់នាក់ នៅតាមដងផ្លូវទីក្រុងបាងកក បន្ទាប់ពីបានចូលរួមពិធីសាសនាមួយ នៅឯព្រះបរមរាជវាំងថៃ (Grand Palace) ខណៈសម្ពាធពីក្រុមបាតុករ ដែលទាមទារឱ្យមានកំណែទម្រង់របបរាជាធិបតេយ្យ កាន់តែកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមអ្នកគាំទ្រដែលមានចំនួនរាប់ពាន់នាក់បានឈរ និងអង្គុយរង់ចាំជាច្រើនម៉ោង នៅខាងក្រៅជញ្ជាំងពណ៌សនៃបរិវេណព្រះបរមរាជវាំង ដើម្បីទទួលស្វាគមន៍ព្រះមហាក្សត្រថៃ ដោយមានការកាន់ព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Maha Vajiralongkorn) និងព្រះអគ្គមហេសី សុធីតា (Suthida) និងការគ្រវីទង់ជាតិជាដើម ព្រមទាំងបានស្រែកទៀតថា «សូមឱ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រីមានព្រះជន្មាយុយឺនយូរ»។ បន្ថែមពីនេះអ្នកគាំទ្រស្ទើរតែគ្រប់គ្នា បានពាក់អាវពណ៌លឿង ដែលបង្ហាញពីភាពស្មោះត្រង់ដល់ព្រះរាជវង្សផងដែរ។
លោកស្រី ផាកាវ៉ារិន (Pakawarin Damrongrotthawee) អាយុ ៤៤ឆ្នាំ ដែលជាអ្នកជំនួញ និងជាអ្នកពិគ្រោះយោបល់ផ្នែកហោរាសាស្ដ្រម្នាក់បាននិយាយថា «ខ្ញុំមកទីនេះថ្ងៃនេះ គឺមកតាមបេះដូងរបស់ខ្ញុំ ព្រោះថាកើតជាជនជាតិថៃ យើងត្រូវតែដឹងគុណចំពោះរាជាធិបតេយ្យ ហើយប្រសិនបើអ្នកណាចង់តវ៉ានឹងរដ្ឋាភិបាល ពួកគេអាចធ្វើបាន ប៉ុន្តែពួកគេមិនត្រូវប៉ះពាល់ដល់រាជាធិបតេយ្យឡើយ»។
ជាមួយគ្នានេះដែរ លោក ស៊ីរ៉ាសិដ្ឋ (Siraseth Limpisuree) អាយុ ៥៥ឆ្នាំបាននិយាយបន្ទរថា «នេះជាលើកទី១របស់ខ្ញុំ ដែលបានមកចូលរួមទទួលស្វាគមន៍ព្រះមហាក្សត្របែបនេះ។ ខ្ញុំចង់លើកទឹកព្រះទ័យទ្រង់ព្រោះប្រជាជនថៃមួយចំនួន មានអាកប្បកិរិយាមិនត្រឹមត្រូវចំពោះព្រះរាជា។ ខ្ញុំចង់ឱ្យពួកគេយល់ថា របបរាជាធិបតេយ្យគឺជាផ្នែកមួយនៃសង្គមថៃ ហើយប្រទេសថៃមិនអាចរស់បាន ដោយគ្មានរាជាធិបតេយ្យឡើយ។ យើងមិនគួរធ្វើឱ្យរាជាធិបតេយ្យ ធ្លាក់ចូលក្នុងភាពវឹកវរផ្នែកនយោបាយទេ។ រដ្ឋាភិបាលអាចផ្លាស់ប្តូរបាន ប៉ុន្តែរបបរាជាធិបតេយ្យមិនគួរត្រូវធ្វើកំណែទម្រង់ ដូចដែលក្រុមបាតុករកំពុងទាមទារនោះទេ»។
គួរជម្រាបថា ការទាមទារឱ្យមានកំណែទម្រង់របបរាជាធិបតេយ្យ បានធ្វើឱ្យមានការរាំងស្ទះតាមរបៀបមួយ ដែលហាក់ដូចជាមិនគួរឱ្យជឿកាលពីប៉ុន្មានខែមុន។ ជាធម្មតាស្ថាប័នរាជវង្ស តែងតែត្រូវបានតម្កល់ទុកជាមូលដ្ឋានគ្រឹះ និងជាការរិះគន់របស់ប្រទេសជាតិ។ ប៉ុន្តែមូលដ្ឋានគ្រឹះនៃស្ថាប័ននេះត្រូវបានរង្គោះរង្គើ ដោយសារការសោយទិវង្គតនៃព្រះបិតារបស់ព្រះបាទ Maha Vajiralongkorn គឺទ្រង់ ភូមិបុល អាឌុលយ៉ាដេត កាលពីខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីបានគ្រងរាជ្យអស់រយៈពេល ៧ទសវត្សន៍៕