(វ៉ាស៊ីនតោន)៖ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃដិន បានថ្កោលទោសករណីយាយីលើរថយន្តក្រុងធ្វើយុទ្ធនាការរបស់លោក ពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ នៅលើដងផ្លូវមួយក្នុងរដ្ឋតិចសាស់ ខណៈ FBI បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុខាងលើ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
តាមរយៈឃ្លីបវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter បានបង្ហាញថា រថយន្តដឹកទំនិញជាច្រើនគ្រឿងបានគ្រវីទង់របស់លោក ត្រាំ ព័ទ្ធជុំវិញដើម្បីបង្អាក់ដំណើរក្បួនរថយន្តក្រុង ធ្វើយុទ្ធនាការបោះឆ្នោតរបស់លោក បៃដិន។ មន្ត្រីគណបក្សប្រជាធិបតេយ្យបានគូសបញ្ចាក់ថា នៅលើរថយន្តក្រុងដែលដឹកបេក្ខភាពសភាតំណាងរាស្រ្ត គឺលោកស្រី វិនឌី ដេវីស (Wendy Davis) បានបញ្ឈប់ការធ្វើដំណើរ និងបានលុបចោលព្រឹត្តិការណ៍ដែលបានគ្រោងទុកចំនួនពីរ ព្រមទាំងសន្និសីទសារព័ត៌មានមួយ ដោយលើកឡើងអំពី «ក្តីបារម្ភចំពោះសុវត្ថិភាព»។
លោក បៃដិន បានថ្លែងប្រាប់អ្នកគាំទ្រនៅក្នុងរដ្ឋ ហ្វីឡាឌែលហ្វ្យា (Philadelphia) យ៉ាងដូច្នេះថា យើងមិនដែលជួបរឿងបែបនេះឡើយ យ៉ាងហោចណាស់យើងក៏មិនធ្លាប់មានប្រធានាធិបតីណា ដែលគិតថាវាជារឿងល្អនោះដែរ។ ទន្ទឹងគ្នានេះដែរ ការិយាល័យទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ប្រចាំទីក្រុងសាន់អាន់តូនីញ៉ូ (San Antonio) បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា ពួកគេកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុ ដែលបានកើតឡើងនៅក្នុងរដ្ឋតិចសាស់ ប៉ុន្តែបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយបន្ថែមនោះទេ។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិ នឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ (ពេលវេលានៅវ៉ាស៊ីនតោន ឬត្រូវនឹងយប់ថ្ងៃទី០៣ ខែវិច្ឆិកាតទៅ ពេលវេលានៅភ្នំពេញ)។ ការបោះឆ្នោតអាណត្តិនេះត្រូវបានគេរំពឹងថា អាចនឹងមានភាពចម្រូងចម្រាសច្រើន ដោយអ្នកឈ្នះទំនងជាមិនអាចដឹងភ្លាមៗនៅយប់ថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន) តែម្តងនោះឡើយ ព្រោះតែសន្លឹកឆ្នោតតាមប្រៃសណីយ៍ នឹងត្រូវរាប់តាមលំដាប់លំដោយ បន្ទាប់ពីការបិទទ្វារការិយាល័យបោះឆ្នោតនៅតាមរដ្ឋនីមួយៗ ដែលមានរបៀប ឬប្រព័ន្ធរាប់សន្លឹកឆ្នោតផ្សេងៗពីគ្នា៕