(ឡុងដ៍)៖ កាសែតអង់គ្លេសបានរាយការណ៍ កាលពីពេលថ្មីៗនេះថា ព្រះអង្គម្ចាស់ វីលៀម (William) នៃចក្រភពអង់គ្លេសបានធ្វើតេស្តឃើញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 កាលពីខែមេសា ដែលត្រូវនឹងពេលប្រហាក់ប្រហែកគ្នា ទៅនឹងព្រះបិតារបស់ទ្រង់គឺព្រះអង្គម្ចាស់ឆា (Charles) ដែលកាលណោះទ្រង់ក៏បានឆ្លងជំងឺមួយនេះដែរ។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
កាសែតអង់គ្លេស The Sun ដែលទទួលបានប្រភពពីព្រះរាជវាំងអង់គ្លេស បានគូសបញ្ជាក់ឱ្យដឹងទៀតថា ព្រះអង្គម្ចាស់ William ដែលជាចៅប្រុសរបស់ម្ចាស់ក្សត្រីយ៍អង់គ្លេស អេលីហ្សាប៊ែតទី ២ (Elizabeth II) បានរក្សាការធ្វើរោគវិនិច្ឆ័យរបស់ទ្រង់ជាសម្ងាត់ ពីព្រោះទ្រង់មិនចង់ធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ប្រទេសជាតិឡើយ។ ព្រះអង្គម្ចាស់ William បានមានបន្ទូលថា «មានរឿងសំខាន់ៗជាច្រើនដែលកំពុងតែកើតឡើង ហើយខ្ញុំមិនចង់បង្កការព្រួយបារម្ភបន្ថែម ដល់នរណាម្នាក់ឡើយ»។
កាសែតអង់គ្លេស Sun បានបញ្ជាក់បន្ថែមថា ព្រះអង្គម្ចាស់ត្រូវបានព្យាបាល ដោយវេជ្ជបណ្ឌិតនៅឯព្រះរាជវាំង និងបានធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ដោយបានធ្វើចត្តាឡីស័កនៅឯរាជតំណាក់ អាន់មើ ហល (Anmer Hall) ក្នុងតំបន់ ណ័រហ្វូក (Norfolk) ចក្រភពអង់គ្លេសផងដែរ ប៉ុន្តែវីរុសកូរ៉ូណា (COVID-19) នេះបានវាយប្រហារព្រះអង្គយ៉ាងខ្លាំង ដែលពិតជាបានធ្វើឱ្យទ្រង់ឈានដល់ដំណាក់កាលមួយ ដែលពិបាកដកដង្ហើម។
ទន្ទឹមគ្នានេះ សារព័ត៌មាន BBC ក៏បានចេញផ្សាយព័ត៌មាន កាលពីថ្ងៃអាទិត្យម្សិលមិញនេះដែរថា ព្រះរាជវាំង ខេនស៊ីងថុន (Kensington) បានបដិសេដមិនធ្វើអត្ថាធិប្បាយជាផ្លូវការ ចំពោះបញ្ហានេះដល់ទីភ្នាក់ងារព័ត៌មានឡើយ។ ព្រះរាជដំណាក់របស់ព្រះបិតារបស់ព្រះអង្គម្ចាស់ William គឺព្រះអង្គម្ចាស់ Charles ក៏បានរាយការណ៍កាលពីថ្ងៃទី២៥ ខែមីនា ផងដែរថា ព្រះអង្គម្ចាស់ Charles បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 និងបានចត្តាឡីស័កនៅព្រះរាជដំណាក់របស់ទ្រង់ផ្ទាល់ នៅក្នុងប្រទេសស្កុតឡេន (Scotland) អស់រយៈពេល ០៧ថ្ងៃ (ឈានចូលដល់ដើមខែមេសា) ដោយទ្រង់មានរោគសញ្ញាស្រាលប៉ុណ្ណោះ។
ចក្រភពអង់គ្លេសបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា (COVID-19) និងបានកត់ត្រាករណីឆ្លងសរុបនៅទូទាំងប្រទេសចំនួនជាង ១លានករណី ក្នុងនោះមានអ្នកស្លាប់ចំនួនជាង ៤៦,៧០០នាក់ ខណៈចំនួនអ្នកជាសះស្បើយវិញ នៅតែមិនទាន់មានទិន្នន័យច្បាស់លាស់ឡើយ៕