(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnson បានប្រកាសថា ប្រទេសអង់គ្លេសនឹងត្រូវស្ថិតក្រោមវិធានការបិទប្រទេសរយៈពេល១ខែ ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយតទៅ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID 19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្រោមវិធានការខាងលើខាងលើ ដែលនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី០២ ខែធ្នូ ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសអង់គ្លេស នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីផ្ទះ តែក្នុងករណីជាក់លាក់មួយចំនួនប៉ុណ្ណោះ ដូចជាទៅសាលា ទៅបំពេញការងារ ឬទិញម្ហូបអាហារជាដើម។ ចំណែកកន្លែងផឹកស៉ី បារ និងភោជនីយដ្ឋាន នឹងត្រូវបិទទ្វារនៅទូទាំងប្រទេស ហើយហាងផ្តល់សេវាកម្មមិនសូវចាំបាច់ ព្រមទាំងកន្លែងកម្សាន្ត-លំហែកាយនានា ក៏នឹងត្រូវបិទដូចគ្នា។
គួរជម្រាបថា យ៉ាងណាមិញ វិធានការបិទប្រទេសលើកនេះនៅអង់គ្លេស មិនតម្រូវឲ្យបិទទ្វារគ្រឹះស្ថានអប់រំឡើយ។ ការសម្រេចចេញវិធានការបិទប្រទេសជាថ្មីម្តងទៀតបែបនេះ គឺស្របពេលចំនួនករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងចក្រភពអង់គ្លេស បានកើនលើសពី១លាននាក់។ ដោយឡែក ដើម្បីឲ្យអ្វីៗវិលទៅរកសភាពដូចដើមវិញ ប្រទេសជាច្រើនដូចជាចក្រភពអង់គ្លេស ចិន រុស្ស៉ី និងសហរដ្ឋអាមេរិក កំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំង COVID-19 ឲ្យបានជោគជ័យ៕