(ម៉ានីល)៖ កំពូលព្យុះទីហ្វុងឈ្មោះថា Goni ដែលជាព្យុះទីហ្វុងសាហាវបំផុតប្រចាំឆ្នាំនេះ ទើបតែបានបោកបក់ទៅដល់តំបន់ Bicol ដែលនៅចុងប៉ែកខាងត្បូងនៃកោះធំរបស់ប្រទេសហ្វីលីពីនគឺ Luzon ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ ឬការបំផ្លិចបំផ្លាញនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។
ទីភ្នាក់ងារឧតុនិយមហ្វីលីពីន PAGASA បានឲ្យដឹងថា កំពូលព្យុះទីហ្វុង Goni បានបោកបក់មកចំលើក្រុង Bato ក្នុងខេត្ត Catanduanes នៅភាគអាគ្នេយ៍កោះ Luzon កាលពីខ្ទង់វេលាម៉ោង០៤៖៥០នាទីទាបភ្លឺថ្ងៃអាទិត្យនេះ ជាមួយកម្លាំងខ្យល់ចន្លោះ២២៥-២៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងឆ្ពោះទៅខាងលិចជាមួយល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោង។
អាជ្ញាធរហ្វីលីពីនបានជម្លៀសខ្លួនប្រជាជនជាច្រើននាក់ ចេញពីទីតាំងរងហានីភ័យខ្ពស់នៅតំបន់ Bicol ហើយព្រលានយន្តហោះអន្តរជាតិនៅរដ្ឋធានីម៉ានីល នឹងត្រូវបិទរយៈពេល២៤ម៉ោង ចាប់ពីម៉ោង១០៖០០នាទីព្រឹកថ្ងៃអាទិត្យនេះ។ ព្យុះទីហ្វុង Goni ដែលជាព្យុះទីហ្វុងទី១៨ ដែលវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ នឹងឆ្លងកាត់ខេត្ត Quezon និងតំបន់ដទៃទៀតដែលនៅភាគខាងត្បូងទីក្រុងម៉ានីល មុនពេលចេញផុតទៅដល់សមុទ្រចិនខាងត្បូងនៅព្រឹកថ្ងៃចន្ទស្អែក។
គួរជម្រាបថា កន្លងទៅថ្មីៗនេះ ព្យុះទីហ្វុង Molave ទើបតែបានផ្តាច់ជីវិតមនុស្ស២២នាក់ និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទៃដី ដំណាំនៅប្រទេសហ្វីលីពីន។ ប្រទេសអាស៉ីអាគ្នេយ៍មួយ តែងតែទទួលរងការវាយប្រហារជាប្រចាំពីសំណាក់ព្យុះទីហ្វុងនិងព្យុះត្រូពិចចាប់ពី ខែមិថុនារហូតដល់ខែធ្នូ ជារៀងរាល់ឆ្នាំ ដោយកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ព្យុះទីហ្វុងដ៏អាក្រក់បំផុតមួយគឺ Haiyan បានសម្លាប់មនុស្សដល់ ទៅជាង៧,០០០នាក់នៅហ្វីលីពីន៕