(កាណាដា)៖ លោកស្រី Meng Wanzhou ទទួលបានជ័យជម្នះក្នុងយុទ្ធនាការរបស់លោកស្រី ដើម្បីប្រឆាំងតវ៉ានឹងការធ្វើបត្យាប័ន កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលចៅក្រមត្រួតពិនិត្យ ដំណើរការនីតិវិធីក៏បានយល់ព្រមអនុញ្ញាត ឱ្យមេធាវីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Huawei បន្តការអះអាងរបស់ពួកគេដែលថា សហរដ្ឋអាមេរិកបានបំភាន់ប្រទេសកាណាដា អំពីមូលដ្ឋានគ្រឹះនៃរឿងក្តីនេះ។
ចៅក្រមដែលទទួលបន្ទុកត្រួតពិនិត្យ ការធ្វើបត្យាប័នរបស់នាយកប្រតិបត្តិក្រុមហ៊ុន Huawei ក៏បានយល់ព្រមអនុញ្ញាតឱ្យមានភស្តុតាងថ្មីៗផងដែរ។
នៅក្នុងសេចក្តីសម្រេចមួយដែលត្រូវបានផ្សព្វផ្សាយ តាមរយៈប្រព័ន្ធអ៊ីនធឺណេត អនុប្រធានផ្នែកយុត្តិធម៌លោកស្រី Heather Holmes បានមានប្រសាសន៍ថា «វាពិតជាមានភាពពិត នៅក្នុងការចោទប្រកាន់របស់លោកស្រី Meng អំពីការរំលោភបំពានលើដំណើរការទាក់ទង នឹងការស្នើសុំការប្រព្រឹត្តរបស់រដ្ឋ»។
នៅក្នុងសវនាការមួយដែលត្រូវបានធ្វើឡើង កាលពីខែមុនមេធាវីរបស់អគ្គនិយិការផ្នែកហិរញ្ញវត្ថុបាននិយាយថា ពួកគេជឿជាក់ថា ភ័ស្តុតាងគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបង្ហាញថាសហរដ្ឋអាមេរិក បានលុបចោលសមាសធាតុសំខាន់ៗនៃរឿងក្តីនេះ ដែលធ្វើឱ្យអន្តរាយដល់ការចោទប្រកាន់ ពីបទក្លែងបន្លំលើអតិថិជនពួកគេ។
សេចក្តីសម្រេចរបស់លោកស្រី Holmes មានន័យថា មេធាវីរបស់លោកស្រី Meng នឹងអាចដាក់បញ្ចូលការអះអាងទាំងនោះ ជាផ្នែកមួយនៃការវាយប្រហារចំនួនទាំង ៣ នៅក្នុងខែកុម្ភៈ នៅពេលដែលពួកគេព្យាយាមបញ្ចុះបញ្ចូលចៅក្រមថា រឿងក្តីទាំងមូលគួរតែត្រូវបានគេទាត់ចោល ដោយសារការរំលោភនីតិវិធី។
នៅក្នុងសេចក្តីសម្រេចរបស់នាងលោកស្រី Holmes បានបញ្ជាក់ដែរថា ការបន្តនីតិវិធីប្រឆាំងនឹងលោកស្រី Meng គឺអាចទៅរួច ប្រសិនបើមេធាវីការពារក្តី អាចធ្វើរឿងក្តីរបស់គាត់ឲ្យបានជោគជ័យ ប៉ុន្តែលោកស្រីក៏អាចពិចារណាលើដំណោះស្រាយ ដែលមិនមានសភាពធ្ងន់ធ្ងរខ្លាំង ដូចជាការកាត់ចោលផ្នែកខ្លះ នៃកំណត់ត្រានានា ដែលមិនអាចជឿទុកចិត្តបាន។
* ចៅក្រមចេញសេចក្តីសម្រេច ឲ្យទទួលយកភស្តុតាងថ្មី
លោកស្រី Meng ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងការគប់គិតនៅសហរដ្ឋអាមេរិក ទាក់ទងនឹងការចោទប្រកាន់ដែលថា លោកស្រីបានកុហក HSBC អំពីទំនាក់ទំនងរបស់ក្រុមហ៊ុន Huawei ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធលាក់មុខមួយ ដែលត្រូវបានចោទប្រកាន់ថា បានរំលោភលើការទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ក្រុមព្រះរាជអាជ្ញាអះអាងថា ដោយសារការភូតកុហក HSBC ដើម្បីបន្តទំនាក់ទំនងហិរញ្ញវត្ថុ លោកស្រី Meng បានធ្វើអោយធនាគាររងហានិភ័យ នៃការខាតបង់ និងទទួលការផ្តន្ទាទោសពីបទ រំលោភទណ្ឌកម្មដូចគ្នានេះផងដែរ។
នៅក្នុងផ្នែកមួយនៃដំណើរការធ្វើបត្យាប័ន សហរដ្ឋអាមេរិកបានផ្តល់កំណត់ហេតុអំពីរឿងក្តី ដែលរួមមានការធ្វើបទបង្ហាញ (PowerPoint Presentation) ដែលលោកស្រី Meng បានផ្តល់ឱ្យនាយកប្រតិបត្តិ HSBC នៅហុងកុងកាលពីខែសីហា ឆ្នាំ២០១៣ ។
ប៉ុន្តែមេធាវីរបស់លោកស្រី Meng បានអះអាងថា សហរដ្ឋអាមេរិកមានចេតនាលុបចោលផ្ទាំងបង្ហាញចំនួនពីរចេញ ពីបទបង្ហាញ (PowerPoint)នោះ ដែលបង្ហាញថា លោកស្រី Meng មិនបានមានចេតនាបំភាន់ធនាគារទេ។ ពួកគេក៏បានអះអាងផងដែរថា នៅត្រង់ចំណុចដែលសហរដ្ឋអាមេរិកបាននិយាយថា មានតែនិយោជិក «ជាន់ទាប» ប៉ុណ្ណោះដែលបានដឹងពីទំនាក់ទំនងពិតប្រាកដរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នាយកប្រតិបត្តិជាន់ខ្ពស់នៅធនាគារ ក៏បានដឹងលឺផងដែរ។
នៅក្នុងសេចក្តីសម្រេចរបស់លោកស្រី Holmes បាននិយាយថា លោកស្រីអាចនឹងអនុញ្ញាតឱ្យមាន សេចក្តីថ្លែងការណ៍ពីរ អំពីផ្ទាំងបង្ហាញដែលបានបាត់ ហើយនឹងត្រូវបានដាក់បញ្ចូលជាភស្តុតាង នៅក្នុងរឿងក្តីបត្យាប័ននេះ។ លោកស្រីក៏បានយល់ព្រមអនុញ្ញាតឱ្យមានភ័ស្តុតាង អំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់ HSBC ដើម្បីជួយកំណត់ថា តើអ្នកណាជាអ្នកខ្លះដែលជានិយោជិកជាន់ទាប ហើយអ្នកណាខ្លះមិនមែន។
* បញ្ហារំលោភសិទ្ធិមិនត្រូវបានលើកឡើងទេ យោងតាមការផ្តល់សក្ខីកម្មរបស់ភ្នាក់ងារ CBSA
លោកស្រី Holmes បានចេញសេចក្តីសម្រេចរបស់លោកស្រី បើទោះបីជាមេធាវីរបស់លោកស្រី Meng កំពុងនៅក្នុងតុលាការប្រមូលភស្តុតាងទាក់ទងនឹងសេចក្តីថ្លែងការណ៍ទី២ នៃការជជែកវែកញែកថាមានការរំលោភបំពានទៅលើដំណើរការក៏ដោយ: ការអះអាងថាសិទ្ធិរបស់លោកស្រីត្រូវបានរំលោភបំពាន នៅពេលដែលត្រូវបានចាប់ខ្លួន។
លោកស្រី Meng ត្រូវបានសាកសួរដោយមន្រ្តីទីភ្នាក់ងារសេវាកម្មព្រំដែន នៃប្រទេសកាណាដា (CBSA) អស់រយៈពេល៣ម៉ោង មុនពេលដែលលោកស្រីត្រូវបានគេចាប់ខ្លួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៨ បន្ទាប់ពីលោកស្រីបានមកដល់អាកាសយានដ្ឋាន Vancouver តាមជើងហោះហើរពីហុងកុង។
ក្រុមមេធាវីការពារក្តីអះអាងថា CBSA និង RCMP បានគប់គិតគ្នាជាមួយការិយាល័យសហព័ន្ធស៊ើបអង្កេតសហរដ្ឋអាមេរិក (U.S. Federal Bureau of Investigation) ដើម្បីដាក់បន្ទុកថា ជាការស៊ើបអង្កេតឧក្រិដ្ឋកម្មមកលើ លោកស្រី Meng ដោយប្រើអំណាចវិសាមញ្ញរបស់ទីភ្នាក់ងារព្រំដែន ដើម្បីសាកសួរលោកស្រីដោយគ្មានមេធាវី៕