(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានកត់ត្រា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ទៅជាង ១០១,៤០០នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជាង ៩,៣១៦,០០០ករណី។ នេះបើតាមការដកស្រង់ទិន្នន័យពី worldometer នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០។
ក្រៅពីចំនួនអ្នកឆ្លងកើនឡើង ចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកវិញ ក៏បានកើនឡើងដល់ជាង ២៣៥,០០០នាក់ផងដែរ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមានជាង ៦,០២៤,០០០នាក់។ បើតាមអាជ្ញាធរអាមេរិក រដ្ឋចំនួន ៤៧ ក្នុងចំណោម ៥០ សុទ្ធតែបានមើលឃើញសន្ទុះកើនឡើងយ៉ាងគំហុក នៃករណីឆ្លងថ្មីៗ COVID-19 ហើយសម្រាប់អត្រាស្លាប់វិញ គឺបានហក់ឡើងរហូតដល់ ១៤% បន្ថែមទៀត នៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
គួរបញ្ជាក់ថា ផ្ទុយពីបណ្តាប្រទេសអឺរ៉ុបមួយចំនួន ដែលកំពុងចាត់វិធានការក្តៅ និងខ្លះឈានដល់បិទប្រទេស ដើម្បីទប់ទល់រលកទី ២ នៃការរាតត្បាត COVID-19 សហរដ្ឋអាមេរិកវិញ មិនបានចាត់វិធានការដូច្នោះឡើយ បើទោះបីជាសន្ទុះនៃការឆ្លង នៅក្នុងទឹកដីមហាអំណាចមួយនេះ អាក្រក់ខ្លាំងជាងនៅអឺរ៉ុបក៏ដោយ៕