(បរទេស)៖ ចិនទើបតែបានសម្រេចជ្រើសរើសយកទីតាំងចម្បងមួយ សម្រាប់ការចុះចតយានស្រាវជ្រាវដំបូងរបស់ខ្លួន នៅភពផ្សេងក្រៅភពផែនដី ដែលស្ថិតនៅក្នុងបេសកកម្មឈ្មោះ ធានវិន១ (Tianwen-1) នៅលើភពអង្គារ (Mars) ខណៈយានរបស់ NASA និងអេមីរ៉ាត់អារ៉ាប់រួម កំពុងឆ្ពោះទៅភពក្រហមនោះដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ Space នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

ក្នុងមួយចង្កោមនៃបេសកកម្ម Tianwen-1 រួមមាន យានប្រភេទផ្កាយរណប (satellite) សម្រាប់គោចរជុំវិញភពអង្គារមួយគ្រឿង, ជើងទម្រយានសម្រាប់ចុះចត (lander) មួយគ្រឿង និងយានចល័តបាន (rover) មួយគ្រឿងទៀត ហើយវាកំពុងតែស្ថិតនៅតាមផ្លូវឆ្ពោះទៅកាន់ភពអង្គារ ក្រោយការបាញ់បង្ហោះចេញពីផែនដី កាលពីថ្ងៃទី២៣ ខែកក្កដា តាមរយៈគ្រាប់រ៉ុក្កែត Long March 5 ដែលត្រូវបានអភិវឌ្ឍឡើងដោយចិនផ្ទាល់។

តាមព័ត៌មានចុងក្រោយរបស់ចិន បេសកកម្ម Tianwen-1 ធ្វើដំណើរបានចម្ងាយ ១៣៧លានគីឡូម៉ែត្រ គិតត្រឹមថ្ងៃទី១១ ខែកញ្ញាកន្លងទៅ ហើយបើគិតពីគម្លាតជាបន្ទាត់ត្រង់ស្មើពីផែនដី គឺពេលនោះវាស្ថិតនៅចម្ងាយ ១៥.៣លានគីឡូម៉ែត្រពីផែនដី។ បើនិយាយពីការធ្វើដំណើរ បេសកកម្ម ភើសេវើរែនស៍ (Perseverance) របស់សហរដ្ឋអាមេរិកវិញ គឺធ្វើដំណើរបានពាក់កណ្តាលផ្លូវហើយ ក្នុងការឆ្ពោះទៅកាន់ភពអង្គារដូចគ្នា ក្រោយចាកចេញពីភពយើងកាលពីថ្ងៃទី៣០ ខែកក្កដា ពោលគឺវាធ្វើដំណើរបានចម្ងាយ ២៣៥លានគីឡូម៉ែត្រ។

សម្រាប់ទីតាំងនៃកន្លែងចុះចតរបស់ Tianwen-1 គឺនៅតំបន់ភាគខាងត្បូងក្នុងកន្លែងមួយហៅថា យូតូព្យា ផ្លានីត្យា (Utopia Planitia) ដែលយាន វ៉ៃគីង ២ (Viking 2) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ធ្លាប់ចុះទៅកាលពីប៉ុន្មានទសវត្សរ៍មុន។ ចំណែកបេសកកម្ម Perseverance នឹងចុះនៅរណ្តៅ ចេហ្សេរ៉ូ (Jezero) ដែលស្ថិតនៅអឌ្ឍគោលខាងជើង នៃភពព្រះអង្គារ។ សម្រាប់យាន-ផ្កាយរណប អាម៉ាល់ (Amal ឬ Hope) របស់អេមីរ៉ាត់អារ៉ាប់រួម នឹងទៅដល់នៅខែកុម្ភៈ ឆ្នាំ២០២១ដូចគ្នា ប៉ុន្តែវាត្រឹមជាផ្កាយរណប ដែលអាចគោចរជុំវិញភពក្រហមនោះប៉ុណ្ណោះ ដោយមិនមានយានចុះចតដូចអាមេរិក និងចិនឡើយ។

គួរជម្រាបថា ក្រោយពេលទៅដល់គន្លងភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ បេសកម្ម Tianwen-1 នឹងចំណាយពេល ២-៣ខែត្រៀមលក្ខណៈដើម្បីទម្លាក់យានចុះចត និងយានរ៉ូបូតអាចចល័តបាន ទៅលើផ្ទៃភពអង្គារ។ យានដែលមានកង់នោះត្រូវគេរំពឹងថា នឹងធ្វើប្រតិបត្តិការសម្រាប់រយៈពេលប្រហែល ៩០ថ្ងៃ (ពេលវេលាលើភពអង្គារ)។ រីឯយានប្រភេទជាផ្កាយរណប នឹងផ្តល់ការតភ្ជាប់ទំនាក់ទំនងទៅកាន់យាននោះ ហើយវាក៏ធ្វើការអង្កេតតាមដានផ្ទាល់ខ្លួនរបស់វា សម្រាប់រយៈពេល ០១ឆ្នាំផងដែរ (ពេលវេលាលើភពអង្គារ)។ ១ថ្ងៃលើភពអង្គារយូរជាង ១ថ្ងៃលើផែនដីប្រមាណ ៤០នាទី ខណៈ១ឆ្នាំនៅភពអង្គារស្មើនឹង ៦៨៧ថ្ងៃនៅលើផែនដី៕