(វ៉ាស៊ីនតោន)៖ នៅសល់មិនដល់មួយសប្ដាហ៍ទៀតទេ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី០៣ ខែវិច្ឆិកា នឹងឈានចូលមកដល់។ មកទល់នឹងពេលនេះ ទាំងការស្ទង់ មតិថ្នាក់ជាតិ និងក្នុងរដ្ឋសំខាន់ៗ ដែលគេហៅថា Swing States ឬ battlegrounds States ជាច្រើន នៅតែបង្ហាញថាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន នឹងទទួលបានជ័យជម្នះ ដោយផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងបោះឆ្នោតនេះ។
ក៏ប៉ុន្តែ ដោយសារតែប្រព័ន្ធបោះឆ្នោតតាមបែប «អង្គអ្នកបោះឆ្នោតតំណាង» និងរដ្ឋ Swing States ដែលជាទូទៅជាអ្នកកំណត់អនាគតប្រធានាធិបតី អ្នកឃ្លាំមើលការបោះឆ្នោត អាមេរិកមួយចំនួនតូចយល់ថាលោក ដូណាល់ ត្រាំ នៅតែមានឱកាសឈ្នះ។ ឱកាសនៅត្រង់នេះគឺចង់សំដៅទៅលើរដ្ឋ Swing States នេះតែម្ដង។ រដ្ឋ Swing States មានចំនួន ១៤ ក្នុងនោះរួមមានរដ្ឋ Arizona, Florida, Georgia, Iowa, Michigan, Minnesota, Nevada, New Hampshire, North Carolina, Ohio, Pennsylvania, Texas, Virginia និងរដ្ឋ Wisconsin។ នេះមិនទាន់រាប់បញ្ចូលបណ្ដារដ្ឋផ្សេងទៀត ដែលជាទូទៅបោះឆ្នោតឱ្យ ឬមានទំនោរបោះឆ្នោតឱ្យបក្សប្រជាធិបតេយ្យ ឬក៏បក្សសាធារណរដ្ឋ។
ក្នុងការបោះឆ្នោតឆ្នាំ២០២០នេះ ក្នុងចំណោមរដ្ឋ Swing States ទាំងនេះទៀតសោត មានរដ្ឋចំនួន៦ ដូចជារដ្ឋ Michigan, Wisconsin, Pennsylvania, Arizona, Florida និងរដ្ឋ North Carolina ត្រូវបានគេជឿជាក់ថានឹងក្លាយជាអ្នកកំណត់ថាតើលោក ត្រាំ អាចបន្តរក្សាកៅអីសេតវិមាន ឬក៏លោក បៃដិន ត្រូវជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ទី៤៦? លោក ដូណាល់ ត្រាំ ត្រូវការសំឡេងអ្នកបោះឆ្នោតតំណាង ២៧០រូប ដើម្បីជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត រីឯលោក បៃដិន ក៏ត្រូវការ ២៧០ដូចគ្នា ដើម្បីផ្ដួលលោក ត្រំា។ ខាងក្រោមនេះគឺជាសេណារីយ៉ូមួយចំនួន នៃដំណើរឆ្ពោះទៅកាន់កៅអីប្រធានាធិបតី រវាងលោក ត្រាំ និងលោក បៃដិន៖
*រដ្ឋ Swing States ទាំង៦
បើតាមសេចក្ដីរាយការណ៍របស់វិទ្យុជាតិអាមេរិក NPR ទាំងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតនៃគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ និងគណបក្សប្រជាធិបតេយ្យរបស់ លោក បៃដិន បានចំណាយប្រាក់ឃោសនាជាង៨៥ភាគរយ លើរដ្ឋ Swing States សំខាន់ៗទាំង៦ គឺរដ្ឋ Michigan, Wisconsin, Pennsylvania, Arizona, Florida និងរដ្ឋ North Carolina។ ក្នុងចំណោមរដ្ឋទាំង៦នេះ មាន៤រដ្ឋដូចជារដ្ឋ Michigan, Wisconsin, Pennsylvania និងរដ្ឋ Florida ដែលលោក ត្រាំធ្លាប់ឈ្នះនៅក្នុងបោះឆ្នោតកាលពី ឆ្នាំ២០១៦។
រដ្ឋ Swing States ទាំងនេះសរុបបញ្ចូលគ្នាមានចំនួនអ្នកបោះឆ្នោតតំណាង១០១រូប។ លោក បៃដិន ត្រូវការសំឡេងអ្នកបោះឆ្នោតតំណាងតែ៣៨ នៃ១០១រូបតែប៉ុណ្ណោះដើម្បី ឈ្នះឆ្នោត រីឯលោក ត្រាំ ត្រូវការយ៉ាងតិច៦៦រូប នៃ១០១រូប។ ក្នុងសេណារីយ៉ូនេះ ដើម្បីឈ្នះ លោក ត្រាំ ទំនងជាត្រូវតែយកឈ្នះឱ្យបានក្នុងរដ្ឋ Florida, North Carolina, Pennsylvania និងរដ្ឋ Arizona ហើយបើលោក ត្រាំ ធ្វើបាននោះលោកនឹងទទួលបានសំឡេងអ្នកបោះឆ្នោតសរុប២៨០ ទល់នឹង២៥៨ របស់លោកបៃដិន។
ព្រមពេលជាមួយគ្នា លោក បៃដិន ក៏អាចរកផ្លូវឈ្នះឃើញដែរដោយត្រូវយកឈ្នះក្នុងរដ្ឋ Florida បូកបន្ថែមរដ្ឋតែមួយប៉ុណ្ណោះ ក្នុងចំណោមរដ្ឋទាំង៦។ ឧ. លោកបៃដិន ត្រូវយក ឈ្នះក្នុងរដ្ឋ Florida បូកបន្ថែមរដ្ឋ Wisconsin។ និយាយទៅដូចជាងាយណាស់សម្រាប់ លោក បៃដិន តែជាទម្លាប់បក្សប្រជាធិបតេយ្យពិបាកយកឈ្នះណាស់ក្នុងរដ្ឋ Florida។ តែបើលោកបៃដិន ធ្វើបាន នោះនៅក្នុងសេណារីយ៉ូទី២នេះ លោកនឹងទទួលសំឡេងអ្នកបោះឆ្នោតតំណាង២៧១ ទល់នឹង២៦៧របស់លោក ត្រាំ។
បន្ថែមពីលើនេះ ផ្លូវផ្សេងទៀតដែលលោក បៃដិន អាចយកឈ្នះបាន នោះគឺមិនពឹងលើរដ្ឋ Florida ឬរដ្ឋ North Carolina ដោយត្រូវយកឈ្នះក្នុងរដ្ឋ Wisconsin, Michigan, និងរដ្ឋ Pennsylvania ជំនួសវិញ ដែលជាបណ្ដារដ្ឋដែលលោក ត្រាំ ធ្លាប់ឈ្នះកាលពីឆ្នាំ២០១៦។ ក្នុងសេណារីយ៉ូទី៣នេះ លោក បៃដិន និងទទួលបានសំឡេងអ្នកបោះឆ្នោត តំណាង ២៧៨ ទល់នឹង២៦០របស់លោក ត្រាំ។
*បួនឆ្នាំក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ
កាលពីឆ្នាំ២០១៦ លោក ត្រាំ ចាញ់សំឡេង Popular vote ឬសំឡេងបោះឆ្នោតគាំទ្រពីប្រជាជនអាមេរិករបស់លោកស្រី ហ៊ីឡារី គ្លីនតុន ដល់ទៅជិត៣លានសំឡេង តែនៅតែ អាចជាប់ឆ្នោតជាប្រធានាធិបតី ដោយទទួលបានសំឡេងអ្នកបោះឆ្នោតតំណាង៣០៦ ទល់នឹង២៣២របស់លោកស្រី គ្លីនតុន។ ការបោះឆ្នោតនៅអាមេរិក គឺកំណត់អ្នកឈ្នះ ចាញ់ ដោយផ្អែកលើសំឡេងអ្នកបោះឆ្នោតតំណាង មិនមែនសំឡេងឆ្នោត Popular vote ទេ។
តែទោះបែបនេះក្ដី អ្នកឃ្លាំមើលការបោះឆ្នោតអាមេរិកភាគច្រើន យល់ថាស្ថានភាពបច្ចុប្បន្នខុសពីឆ្នាំ២០១៦ ដោយលោក ត្រាំ នៅតែជាលោក ត្រាំ តែលោក បៃដិន មិនមែនជា លោកស្រី ហ៊ីលឡារី គ្លីនតុនឡើយ។ មានន័យថា លោក ត្រាំ នៅកាលណោះមិនមែនជាប្រធានាធិបតី កំពុងកាន់អំណាចដែលត្រូវការពារតំណែង តែលោកជាអ្នកចូលរួមប្រកួត ប្រជែងយកតំណែងនេះ។ ៤ឆ្នាំមកនេះ ប្រជាជនអាមេរិកប្រហែលជាទទួលបាននូវមេរៀនមិនតិចនោះទេពីលោក ត្រាំ ដោយក្នុងនាមជាប្រធានាធិបតី និងក្រោមការដឹកនាំរបស់ លោក សហរដ្ឋអាមេរិកបានហែលឆ្លងកាត់ភាពចលាចលជាច្រើនឥតឈប់ឈរ ទាំងខាងនយោបាយក្នុងស្រុក រួមទាំងរឿងអាស្រូវដែលលោក ត្រាំ បង្កឡើង និងនយោបាយ ការបរទេស។
និយាយពីនយោបាយនៅក្នុងស្រុក ក្រោមការដឹកនាំរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក បានជួបភាពលាចលសង្គម, បាតុកម្មតវ៉ា និងអំពើហិង្សា បូករួមទាំង រឿងអាស្រូវរបស់លោកផ្ទាល់ ដូចជាការមិនបង់ពន្ធជូនរដ្ឋជាដើម ហើយនេះមិនទាន់រាប់បញ្ចូលការដោះស្រាយវិបត្តិ COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាង ២សែននាក់ផង។ ចំណែកឯ នយោបាយការបរទេសវិញ ដោយដើរតាមពាក្យស្លោក «ធ្វើឱ្យសហរដ្ឋអាមេរិក អស្ចារ្យម្ដងទៀត» ឬ Make America Great Again » និងតម្កល់ ផលប្រយោជន៍អាមេរិកមុនគេ ឬAmerica First» លោក ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីស្ថាប័ន និងកិច្ចព្រមព្រៀងអន្តរជាតិធំៗជាបន្តបន្ទាប់ ដោយធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តជាច្រើន។
តើលោក ត្រាំ ពិតជាបានធ្វើឱ្យសហរដ្ឋអាមេរិក អស្ចារ្យម្ដងទៀតមែនទេ?
បើតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលអាមេរិក Pew Research Center កាលពីខែកញ្ញាកន្លងទៅ ក្រោមការដឹកនាំរបស់លោក ត្រាំ កេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមហាអំណាចពិភពលោកបានចុះថយគួរឱ្យកត់សម្គាល់។ ការស្ទង់មតិនេះដោយមាន ប្រទេសចំនួន១៣ចូលរួមបានឱ្យដឹងទៀថា មានអ្នកឆ្លើយតបក្នុងការស្ទង់មតិ ក្នុងប្រទេសអង់គ្លេសចំនួនតែ៤១ភាគរយប៉ុណ្ណោះ ដែលមានទស្សនៈគាំទ្រសហរដ្ឋអាមេរិក ដែលនេះជាចំនួនភាគរយគាំទ្រដ៏តិចបំផុត បើប្រៀបធៀបជាមួយការស្ទង់មតិមុនៗ នៅក្នុងប្រទេសអង់គ្លេស ដែលធ្វើឡើងដោយមជ្ឈមណ្ឌលអាមេរិកមួយនេះ។
នៅក្នុងប្រទេសបារាំងវិញ មានពលរដ្ឋបារាំងប្រមាណតែ៣១ភាគរយ ប៉ុណ្ណោះដែលបានឆ្លើយគាំទ្រសហរដ្ឋអាមេរិកដែលចំនួននេះ គឺប្រហាក់ប្រហែលនឹងលទ្ធផលនៃ ការស្ទង់មតិកាលពីខែមីនា ឆ្នាំ២០០៣ដែរ ដែលកាលនោះប្រទេសទាំងពីរមានភាពតានតឹងជាមួយគ្នា ជុំវិញសង្គ្រាមនៅក្នុងប្រទេសអ៉ីរ៉ាក់។
ការស្ទង់មតិរបស់មជ្ឈមណ្ឌល Pew ក៏បានរកឃើញផងដែរថា ការចុះខ្សោយនៃកេរ្តិ៍ឈ្មោះអាមេរិក នៅលើឆាកអន្តរជាតិ ក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិក និងដៃគូ នោះគឺ មានជាប់ពាក់ព័ន្ធនឹងចំណាត់ការរបស់ខ្លួនទាក់ទងនឹងវិបត្តិកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក។ មានប្រទេសចំនួនតែ១៥ភាគរយ ប៉ុណ្ណោះដែលបានចូលរួមក្នុងការស្ទង់មតិនេះ ដែលឆ្លើយគាំទ្រ និងផ្តល់ពិន្ទុល្អ ដល់ចំណាត់ការជុំវិញរឿងជំងឺរាតត្បាតកូវីដ១៩នោះ។
ដោយឡែក និយាយពីរឿងសេដ្ឋកិច្ច ចាប់ផ្ដើមដំបូងចូលឆ្នាំ២០២០ លោក ត្រាំ បានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកមានកំណើនយ៉ាងខ្លាំង តែវាបែរជាដើរថយក្រោយ ដោយសារតែ វិបត្តិកូវីដ១៩ ដោយបង្កឱ្យប្រជាជនអាមេរិកជាង២២លាននាក់ គ្មានការងារធ្វើ។ ចំនួនអ្នកគ្មានការងារធ្វើបានថយចុះមកនៅត្រឹម ១២.៦លាននាក់ កាលពីខែកញ្ញាកន្លងទៅ ហើយ សេដ្ឋកិច្ចអាមេរិក ក៏ចាប់ផ្ដើមងើបឡើងវិញជាបណ្ដើរៗដែរ បើទោះជាករណីឆ្លង COVID-19 នៅមានកម្រិតខ្ពស់ក៏ដោយ។ វាមើលទៅបង្ហាញថាលោក ត្រាំ នៅតែខ្លាំង ខាងសេដ្ឋកិច្ច។ ប៉ុន្តែអ្វីដែលសំខាន់ យុទ្ធសាស្ត្រដែលរដ្ឋបាលលោក ត្រាំ ប្រើប្រាស់ ក្នុងនោះរួមមានទាំងសង្រ្គាមពាណិជ្ជកម្មជាមួយចិន នៅតែបណ្ដោយឱ្យចិនក្លាយជាប្រទេស ដំបូងក្នុងពិភពលោក ដែលមានសេដ្ឋកិច្ចងើបពីវិបត្តិ COVID-19 មុនគេទៅវិញ។
គួរជម្រាបថា ស្ថាប័នតាមដានស្ថានការណ៍បោះឆ្នោតអាមេរិក USP (US Elections Project) បានឱ្យដឹងថាប្រជាជនអាមេរិកជាង ៧០លាននាក់ហើយ បានទម្លាក់សន្លឹកឆ្នោត របស់ពួកគេមុនកាលកំណត់ ទាំងទៅបោះឆ្នោតដោយផ្ទាល់តាមការិល័យបោះឆ្នោត និងតាមប្រៃសនីយ៍។ បើតាមការស្ទង់មតិជាច្រើន អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ភាគច្រើនបានចូលរួមក្នុងការបោះឆ្នោតមុនកាលកំណត់នេះ ខណៈអ្នកគាំទ្របក្សសាធារណរដ្ឋភាគច្រើនថា នឹងទៅបោះឆ្នោតដោយផ្ទាល់នៅថ្ងៃបោះឆ្នោតតែម្ដង។
ការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានគេរំពឹងថា អាចនឹងមានភាពចម្រូងចម្រាស ឬអាចនឹងមានការតវ៉ាតាមផ្លូវច្បាប់ជំទាស់លទ្ធផលបោះឆ្នោត
ខណៈលោក ដូណាល់ ត្រាំ មិនបានសន្យាថាលោកនឹងទទួល ស្គាល់លទ្ធផលបោះឆ្នោតនោះទេ។ លោក ត្រាំ បានចោទប្រកាន់ជារឿយៗថា ការបោះឆ្នោតតាមប្រៃសណីយ៍ អាចនឹងនាំឱ្យមានការក្លែងបន្លំ សន្លឹកឆ្នោត។ មិនតែប៉ុណ្ណោះ លោកក៏បាននិយាយដែរថា ប្រជាជនអាមេរិកអាចនឹងត្រូវរង់ចាំជាច្រើនខែ ទើបដឹងថានរណាឈ្នះ ឬនរណាចាញ់ ដោយលោកចង់សំដៅទៅលើបញ្ហានៃការបោះឆ្នោត តាមប្រៃសយីណ៍នេះតែម្ដង៕
ប្រភព៖ Vox និង CNN