(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម្យុងបាក់ (Lee Myung-bak) នៅថ្ងៃព្រហស្បតិ៍នេះត្រូវបានតុលាការកូរ៉េខាត្បូង បង្គាប់ឲ្យចូលក្នុងពន្ធនាគារវិញ ខណៈដែលតុលាការកំពូលបានកាត់ទោសឲ្យលោក ជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំពីបទពុករលួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។
លោក Lee អតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលធ្លាប់បានកាន់អំណាចចន្លោះពីឆ្នាំ២០០៨-២០១៣ ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីរង់ចាំសេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែលោកត្រូវបានប៉ូលិសនាំខ្លួន ចេញពីផ្ទះរបស់លោកនៅទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍នេះហើយ។ ចំពោះសេចក្តីសម្រេចចុងក្រោយរបស់តុលាការបែបនេះ គឺមិនអាចឲ្យលោកប្តឹងឧទ្ធរណ៍បានឡើយ ដូចនេះមានន័យថា ក្នុងវ័យ ៧៨ឆ្នាំទៅហើយនេះ លោក Lee ទំនងជានឹងអាចស្លាប់នៅក្នុងគុកតែម្តង លុះត្រាតែលោកទទួលបានការលើកលែងទោស ដោយផ្ទាល់ពីប្រធានាធិបតីកូរ៉េខាងត្បូង។
គួររំលឹកថា លោក Lee ត្រូវបានផ្តន្ទាទោសជាលើកដំបូងពីបទកិបកេងប្រាក់ និងទទួលសំណូកនៅចុងឆ្នាំ២០១៨ ហើយត្រូវជាប់ពន្ធនាគារតាំងពីពេលនោះ ក្រោយមកសាលាឧទ្ធរណ៍បានបង្កើនទម្ងន់ទោសរហូតដល់ ១៧ឆ្នាំ ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ន រង់ចាំការប្តឹងបន្តទៅកាន់តុលាការកំពូល។ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការកំពូលបានសម្រេចកាត់ទោសលោក Lee ឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំពីបទកិបកេងប្រាក់ចំនួន ២៥.២ពាន់លានវ៉ុន (ប្រហែលជា ២២លានដុល្លារ) និងទទួលយកសំណូកសរុបចំនួន ៩.៤ពាន់លានវ៉ុន។ បន្ថែមពីលើនេះ លោក Lee ក៏ត្រូវរងការពិន័យជាប្រាក់ ១៣ពាន់លានវ៉ុន ក៏ដូចជាការដកហូតទ្រព្យសម្បត្តិចំនួន ៥.៧ពាន់លានវ៉ុនផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ តុលាការកំពូលបានគូសបញ្ជាក់ថា មិនមានភាពប្រកតីណាមួយ នៅក្នុងសាលក្រមរបស់តុលាការនោះឡើយ។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីទាំង ០៤រូបរបស់កូរ៉េខាងត្បូង គឺសុទ្ធតែជាប់ពន្ធនាគារ ឬស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីគូប្រជែងនយោបាយឡើងកាន់អំណាច។ ជាក់ស្តែងអ្នកស្នងតំណែងបន្ទាប់ពីលោក Lee គឺលោកស្រី ផាក គឺនហេ (Park Geun-hye) បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ដែលនឹងមានរយៈពេល ២០ឆ្នាំ ពីបទសូកប៉ាន់និងរំលោភអំណាច បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែង កាលពីឆ្នាំ២០១៧កន្លងទៅ ដោយសាររឿងអាស្រូវពុករលួយ ដែលបង្កឲ្យផ្ទុះការតវ៉ាដ៏ធំបំផុតទៅទីក្រុងសេអ៊ូល។ អតីតមេដឹកនាំម្នាក់ទៀតគឺលោក រ៉ូហ៍ មូយុន (Roh Moo-hyun) បានបញ្ចប់ជិវិតខ្លួនឯង បន្ទាប់ពីត្រូវបានសាកសួរនៅក្នុងការស៊ើបអង្កេត លើករណីអំពើពុករលួយ ដែលពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកកំឡុងពេល ដែលលោក Lee Myung-bak កំពុងកាន់តំណែង៕