(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញទិន្នន័យផ្លូវការមួយឱ្យឃើញថា ករណីឆ្លង COVID-19 នៅចក្រភពនេះបាននិងកំពុងកើនឡើងយ៉ាងគំហុក ខណៈចំនួនអ្នកស្លាប់វិញ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលវាជាការដាក់សម្ពាធលើរដ្ឋាភិបាល ឱ្យចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

បើតាមការសិក្សាស្រាវជ្រាវដោយស្ថាប័ន Imperial College London និង Ipsos MORI ការកើនឡើងនៃករណីឆ្លង នាពេលបច្ចុប្បន្ននេះ កំពុងបង្ហាញពីបញ្ហាប្រឈមធ្ងន់ធ្ងរ ដល់យុទ្ធសាស្ត្ររបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) នៃការដាក់ចេញនូវវិធានការរឹតត្បិត ចំពោះតែតំបន់ដែលរងគ្រោះខ្លាំងបំផុត។ កាលពីដើមឆ្នាំនេះ លោក Johnson ត្រូវបានគេរិះគន់យ៉ាងខ្លាំង ចំពោះវិធានការធូរស្បើយដំបូងរបស់លោក ចំពោះការផ្ទុះឡើងនៃ COVID-19 ពេលនេះ បើទោះបីជាចំនួនករណីឆ្លង និងស្លាប់បានរាលដាល នៅតាមបណ្ដាប្រទេសផ្សេងៗទៀតនៅទ្វីបអឺរ៉ុបក៏ដោយ។

បន្ទាប់ពីការរិះគន់យ៉ាងចាស់ដៃនេះ លោក Johnson ក៏បានសម្រេចចិត្ដដាក់ចេញនូវវិធានការបិទទ្វារប្រទេសនៅចុងខែមីនា ព្រមទាំងបិទសាលារៀន និងហាងដែលមិនចាំបាច់ទាំងអស់ ថែមទាំងបង្ខំឱ្យមនុស្សរាប់លាននាក់ធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយអត្រាឆ្លងទៀតផង។ ប៉ុន្តែវិធានការនេះ ត្រូវបានដកចេញវិញនៅខែមិថុនា ដោយសារតែករណីឆ្លងនៅក្នុងប្រទេសមានការថយចុះ។ មិនបានប៉ុន្មាន ករណីឆ្លង ក៏បានផ្ទុះឡើងជាថ្មីម្តងទៀត ចាប់ពីខែកញ្ញារហូតមកដល់ពេលនេះ លោក Johnson បានប្រឆាំងនឹងការអំពាវនាវ ឱ្យមានវិធានការបិទប្រទេសជាលើកទី ២ ដោយមានភាពស្ទាក់ស្ទើរក្នុងការធ្វើបែបនេះម្ដងទៀត ដោយសារការខូចខាតដំបូងបានធ្វើឱ្យសេដ្ឋកិច្ចជាប់គាំង ក៏ដូចជាការបាត់បង់ការងារ។

គួរជម្រាបថា អង់គ្លេសគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅទ្វីបអឺរ៉ុប ដែលមានករណីឆ្លងជាង ៩៤២,០០០ករណី និងអ្នកស្លាប់ជាង ៤៥,០០០នាក់ ហើយប្រទេសនេះ មិនដែលប្រាប់អំពីតួលេខអ្នកជាសះស្បើយវិញនោះឡើយ៕