(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកមួយរូបបានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់ចិនទៅលើក្រុមហ៊ុនអាមេរិក ជុំវិញការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ គឺជារឿងមិនចំបាច់ ហើយថាទីក្រុងប៉េកាំងកំពុងបំផ្លាញស្ថិរភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

ការលើកឡើងនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន និងបុគ្គលមួយចំនួននៅសហរដ្ឋអាមេរិក ជុំវិញការលក់សព្វាវុធឲ្យកោះតៃវ៉ាន់ក្នុងតម្លៃជិត ២ពាន់លានដុល្លារអាមេរិក ក្នុងនោះរួមមានក្រុមហ៊ុន ឡុកឃីដ ម៉ាទីន (Lockheed Martin), ប៊ូអ៉ីងឌីហ្វេនស៍ (Boeing Defense) និង រ៉ាយថុន (Raytheon) ផងដែរ។

លោក រិន ក្លា ឃូភើ (René Clarke Cooper) មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកលើគម្រោងលក់អាវុធខាងលើបានគូសបញ្ជាក់ថា នេះមិនមែនជាលើកទី ១ ទេ ដែលទីក្រុងប៉េកាំងបានគំរាមដាក់ទណ្ឌកម្ម លើក្រុមហ៊ុននានារបស់អាមេរិក។ មន្ត្រីរូបនេះបានបន្តទៀតថា សន្តិសុខកោះតៃវ៉ាន់គឺជាចំណុចស្នូល នៃស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយប្រទេសចិនដឹងច្បាស់ហើយថា សហរដ្ឋអាមេរិកនឹងបន្តលក់អាវុធទៅឲ្យកោះតៃវ៉ាន់។ លោក រិន បានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទីក្រុងប៉េកាំងតែងតែបញ្ចេញអាកប្បកិរិយាគំរាមកំហែង តាមរយៈការធ្វើសមយុទ្ធយោធា ព្រមទាំងបានបញ្ចូនយន្តហោះចម្បាំង ហោះចូលបន្ទាត់ព្រំដែនរវាងចិន និងតៃវ៉ាន់ ប្រការនេះទើបយើងត្រូវធ្វើឲ្យប្រាកដថា កោះតៃវ៉ាន់មិនត្រូវបានសម្លុត ឬយកឈ្នះដោយទីក្រុងប៉េកាំងជាដាច់ខាត។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងធ្លាប់ស្នើទៅកាន់កោះតៃវ៉ាន់ ឲ្យយល់ព្រមទទួលយកគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រង២» ដូចនៅទៅទីក្រុងហុងកុង ក៏ប៉ុន្តែកោះតៃវ៉ាន់បានបដិសេធម្តងហើយម្តងទៀត។ បើទោះជាសហរដ្ឋអាមេរិកទទួលស្គាល់ គោលនយោបាយចិនតែមួយក៏ដោយ អាមេរិកនៅតែបន្តផ្គត់ផ្គង់គ្រឿងសព្វាវុធទៅឲ្យកោះតៃវ៉ាន់ ដោយមិនញញើតនឹងការព្រមាន របស់រដ្ឋាភិបាលទីក្រុងប៉េកាំងទាល់តែសោះ។ ប្រទេសចិនជារឿយៗតែងព្រមានថា ខ្លួននឹងប្រើប្រាស់យោធាដើម្បីបង្រួបបង្រួមជាតិ ក្នុងករណីមានកងកម្លាំងបរទេសណាមួយ ហ៊ានចូលមកផ្តាច់តៃវ៉ាន់ចេញពីចិន ឬប្រសិនបើកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ៕