(វ៉ាស៊ីនតោន)៖ អ្នកដែលទទួលបានជ័យជំនះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ នឹងត្រូវប្រឈមមុខនឹងការដោះស្រាយ បញ្ហាប្រជាជនអាមេរិករកបានប្រាក់ចំណូលទាប និងមធ្យម ឬប្រជាជនដែលកំពុងតស៊ូស្វែងរកការងារធ្វើវិញ ក្រោយការបាត់បង់ដោយសារតែវិបត្តិ COVID-19 ដែលជាវិបត្តិសុខាភិបាលដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេល ១០០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

ប្រជាជនអាមេរិករកបានប្រាក់ចំណូលទាប និងមធ្យម មានប្រហែលជាពាក់កណ្ដាលនៃប្រជាជន ២២លាននាក់ ដែលបានបាត់បង់ការងារកំឡុងការឆ្លងរាតត្បាត COVID-19 នៅតែបន្តគ្មានការងារធ្វើនៅឡើយ។ ដូច្នេះមិនថាលោក ដូណាល់ ត្រាំ ឬលោក ចូ បៃដិន នោះឡើយ ឲ្យតែជាប់ឆ្នោតជាប្រធានាធិបតី នោះគឺត្រូវតែដោះស្រាយបញ្ហាបញ្ហាមួយនេះជាអទិភាព។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះការជ្រើសរើសបុគ្គលិកថ្មី ពីបណ្ដាក្រុមហ៊ុននានាក្នុងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ ដែលនេះបាននិងកំពុងបង្កការលំបាកយ៉ាងខ្លាំង ដល់ប្រជាជនអាមេរិករកបានប្រាក់ចំណូលទាប និងមធ្យម រួមទាំងអ្នកគ្មានការងារធ្វើ។ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិភាក្សាគ្នាពីកញ្ចប់ថវិកាសង្រ្គោះ COVID-19 ចំនួន ២ទ្រីលានដុល្លារ ក៏ប៉ុន្តែសមាជិកព្រឹទ្ធសភានៃគណបក្សសារធារណរដ្ឋ បានជំទាស់នឹងថវិកាជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នេះ និងចោទសួរជាសំនួរថា តើអាមេរិកចាំបាច់ត្រូវការជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរឬទេ? កិច្ចព្រមព្រៀងលើកញ្ចប់ថវិកាជំនួយនេះត្រូវបានគេរំពឹងថា នឹងមិនអាចសម្រេចបានឡើយ រហូតដល់ដើមឆ្នាំ២០២១៕