Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង់ក្លាដែល៖ បាតុកររាប់ម៉ឺននាក់ នាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងជំហរបារាំង ទាក់ទងនឹងរូបត្លុកមូហាំម៉ាត់ (Video inside)

28-10-2020 18:50

(ដាកា)៖ បាតុកររាប់ម៉ឺននាក់ បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្ម នៅរដ្ឋធានីបង់ក្លាដែល កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាមួយនឹងសម្រែករិះគន់ និងការអំពាវនាវឲ្យធ្វើពហិការឈប់ទិញទំនិញបារាំងមកប្រើប្រាស់ ដើម្បីបង្ហាញការប្រឆាំងតវ៉ានឹងជំហររបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ដែលបានថ្លែងគាំទ្រការគូររូបត្លុកព្យាការីមូហាំម៉ាត់ ក្នុងន័យការពារសេរីភាពបញ្ចេញមតិ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Frnace24 នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។

បើតាមអាជ្ញាធរបង់ក្លាដែស បានឲ្យដឹងថា មានមនុស្សប្រមាណ ៤០,០០០នាក់ បានចូលរួមក្នុងការដើរក្បួន ដែលរៀបចំដោយគណបក្សអ៊ីស្លាមបង់ក្លាដែសមួយ សំដៅទៅរកស្ថានទូតបារាំងប្រចាំទីក្រុងដាកា កាលពីម្សិលមិញនេះ។ ប៉ុន្តែក្បួនដង្ហែនេះ ត្រូវបានកងសន្តិសុខ បំបែកបានដោយអហិង្សា មុននឹងទៅដល់គោលដៅ។ អមជាមួយបដាធំៗ ក្រុមបាតុករបានស្រែកអំពាវនាវ ឲ្យធ្វើពហិការឈប់ទិញទំនិញបារាំង ព្រមជាមួយនឹងការទាមទារឲ្យមានការដាក់ទោសលើលោក Macron ទៀតផង។

គួរជម្រាបថា សម្រែកទាមទារឲ្យធ្វើពហិការឈប់ទិញទំនិញបារាំង មានកាន់ច្រើនឡើងៗ នៅតាមបណ្តាប្រទេសអ្នកកាន់សាសនាអ៊ីស្លាម នៅទូទាំងពិភពលោក ក្រោយសុន្ទរកថាដ៏ចម្រូងចម្រាសមួយ របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ជុំវិញការគូរត្លុករូបព្យាការីមូហាំម៉ាត់ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធគ្រូបង្រៀនម្នាក់ ដែលបានស្លាប់ដោយកាត់ក ទាក់ទងនឹងបញ្ហាដដែលនេះ៕