(ម៉ូស្គូ)៖ ស្ថាប័នតាមស្ថានការណ៍បោះឆ្នោតអាមេរិក USP (US Elections Project) បានឱ្យដឹងថា ប្រជាជនអាមេរិកជាង ៧០លាននាក់ហើយ បានទម្លាក់សន្លឹកឆ្នោតរបស់ពួកគេមុនកាលកំណត់ ខណៈនៅសល់ជិតមួយសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបោះឆ្នោតប្រធានាធិបតីជាផ្លូវការ ខណៈមានការព្យាករណ៍ថា ចំនួនអ្នកទៅបោះឆ្នោតអាណត្តិនេះនឹងច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩០៨។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។

បើតាម US Elections Project ប្រជាជនអាមេរិកខាងលើ គឺជាចំនួនអ្នកបោះឆ្នោតមុនកាលកំណត់ទាំងតាមប្រៃសនីយ៍ និងបោះឆ្នោតដោយផ្ទាល់នៅតាមរដ្ឋនីមួយៗ នៅក្នុងសហរដ្ឋអាមេរិក ហើយចំនួននេះមានច្រើនជាងពាក់កណ្ដាល នៃចំនួនប្រជាជនអាមេរិកសរុប ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ ស្ថាប័នមួយនេះបានឱ្យដឹងទៀត ចំនួនអ្នកបោះឆ្នោតមុនកាលកំណត់ដ៏ច្រើននេះ គឺអ្នកបោះឆ្នោតភាគច្រើនមានបំណង កាត់បន្ថយហានិភ័យឆ្លង COVID-19។

គួរបញ្ជាក់ថា តាមរយៈចំនួនអ្នកបោះឆ្នោតមុនកាលកំណត់ខាងលើ US Elections Project បានព្យាករថា ប្រជាជនអាមេរិកសរុប ១៥០លាននាក់ អាចនឹងចូលរួមក្នុង ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ ឬស្មើនឹង ៦៥ភាគរយនៃប្រជាជនអាមេរិកអ្នកមានសិទ្ធិបោះឆ្នោត ហើយដែលនេះជាអាត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់បំផុត មួយចាប់តាំងពីឆ្នាំ១៩០៨មក។ ម្យ៉ាងវិញទៀតបើតាមការស្ទង់មតិជាច្រើន អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ភាគច្រើនបានចូលរួមក្នុងការបោះឆ្នោតមុនកាលកំណត់ ខណៈអ្នកគាំទ្របក្សសាធារណរដ្ឋភាគច្រើនថា នឹងទៅបោះឆ្នោតដោយផ្ទាល់នៅថ្ងៃបោះឆ្នោតតែម្ដង៕