(វ៉ាស៊ីនតោន)៖ ស្រ្តីទីមួយអាមេរិកលោកស្រី មេឡានៀ ត្រាំ (Melania Trump) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចូលរួមក្នុងការធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រឱ្យ ស្វាមីរបស់ខ្លួន គឺលោក ដូណាល់ ត្រាំ ដោយលើកសរសើរលោកថា ជាអ្នកប្រយុទ្ធដ៏ពិតប្រាកដ ដើម្បីប្រទេសជាទីស្រឡាញ់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។

នៅចំពោះមុខក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ ក្នុងរដ្ឋភែនស៊ីលវេនៀ (Pennsylvania) ជំទាវទី១អាមេរិករូបនេះបានគូសបញ្ជាក់ថា «ដូណាល់ គឺជាប្រយុទ្ធដ៏ពិតប្រាកដ។ គាត់ស្រឡាញ់ ប្រទេសនេះណាស់ (សហរដ្ឋអាមេរិក) ហើយគាត់តស៊ូទាំងថ្ងៃទាំងយប់ ដើម្បីអ្នកទាំងអស់គ្នា»។ លោកស្រី Melania បានថ្លែងអំណរគុណដល់ប្រជាជនអាមេរិក សម្រាប់ការផ្ដល់សំឡេងគាំទ្រ និងលោកទឹកចិត្តដល់គ្រួសាររបស់លោកស្រី នៅពេលឆ្លង COVID-19 ហើយមិនតែប៉ុណ្ណោះ លោកស្រីផ្ទាល់ថែមទាំងបង្ហាញក្ដីអាណិតអាសូរ ដល់ក្រុមគ្រួសារនៃអ្នកដែលបានស្លាប់ដោយសារ COVID-19 ច្រើនជាង ២២៥,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិកផងដែរ។

គួរជម្រាបថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ ខណៈការស្ទង់មតិទាំងថ្នាក់ជាតិ និងក្នុងរដ្ឋសំខាន់ៗដែលគេហៅថា battleground states បង្ហាញថា លោក ដូណាល់ ត្រាំ កំពុងតាមពីក្រោយគូប្រជែងរបស់លោក គឺបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន៕