(ប៉េកាំង)៖ ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិននឹងចាត់វិធានការចាំបាច់មួយ ដើម្បីលើកកម្ពស់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធដែលបានគ្រោងទុកមួយផ្សេងទៀត ទៅឲ្យកោះតៃវ៉ាន់ក្នុងតម្លៃ ២.៤ពាន់លានដុល្លារ នៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយ នៅថ្ងៃអង្គារនេះអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថា ចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោនមួយនេះ វាបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ចិនតែមួយ ហើយក៏ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដែលអាចនឹងធ្វើឲ្យអន្តរាយដល់អធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន។
ជុំវិញបញ្ហានេះដែរ លោក Wang Wenbin បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រទេសចិននឹងធ្វើការឆ្លើយតបដោយស្របច្បាប់ និងជាចាំបាច់មួយ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន»។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា វិធានការនោះជាអ្វីឲ្យប្រាកដនោះទេ។
គួរជម្រាបថា សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសថាខ្លួនបានយល់ព្រមលក់ប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ ហាភូន (Harpoon coastal defence systems) នៅក្នុងតម្លៃ ២.៤ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់។ ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពី ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍មុន បានអនុម័តលើគម្រោងលក់យន្ដហោះដ្រូន MQ9 រួមទំាងមីស៊ីល AGM-84H SLAM-ER ចំនួន១៣៥គ្រាប់នៅក្នុងតម្លៃ ១ពាន់លានដុល្លារ ដែលមានរយៈចម្ងាយអាចបាញ់ដល់ចិនដីគោក។ ជាការឆ្លើយតប ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថាខ្លួន នឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Boeing, ក្រុមហ៊ុន Raytheon និងក្រុមហ៊ុនអាមេរិកពាក់ព័ន្ធដទៃ ទៀតផងដែរ៕