(តៃប៉ិ)៖ កោះតៃវ៉ាន់បានប្រកាសនៅថ្ងៃអង្គារនេះថា ការស្នើសុំលក់ប្រព័ន្ធមីស៊ីល និងប្រព័ន្ធសព្វាវុធផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក ដែលត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ នឹងជួយបង្កើនសមត្ថភាពរបស់កោះតៃវ៉ាន់ ក្នុងការការពារខ្លួនដោយមានភាពជឿជាក់ ខណៈការគំរាមកំហែងពីសំណាក់ប្រទេសចិន កំពុងតែកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។
ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការពារជាតិនៃកោះតៃវ៉ាន់ លោក ស៊ីន ស៊ុនវិន (Shih Shun-wen) បានធ្វើឡើងត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនបានអះអាងថា ខ្លួននឹងធ្វើការសងសឹក ចំពោះក្រុមហ៊ុនផលិតសព្វាវុធអាមេរិករួមមានក្រុមហ៊ុន ឡុកឃីដម៉ាទីន (Lockheed Martin), ក្រុមហ៊ុន រៃថុន (Raytheon Technologies) និងក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនម៉ៅការផ្ដាច់មុខ ក្នុងការលក់ប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ ហាភូន (Harpoon) នៅក្នុងតម្លៃជិត ២.៤ពាន់លានដុល្លារអាមេរិកទៅឲ្យកោះតៃវ៉ាន់។
ជុំវិញបញ្ហាខាងលើនេះ លោក Shih បានគូសបញ្ជាក់ថា ការទិញសព្វាវុធទាំងនេះនឹងជួយបង្កើនសមត្ថភាព, សន្តិភាព, ស្ថិរភាពនយោបាយ, តុល្យភាពយោធា, និងជាពិសេសនោះ គឺវឌ្ឍនភាពនៅក្នុងតំបន់កោះតៃវ៉ាន់តែម្ដង។
គួរជម្រាបថា ប្រទេសចិន និងកោះតៃវ៉ាន់បានបែកបាក់គ្នានៅក្នុងសង្គ្រាមស៊ីវិលឆ្នាំ១៩៤៩ ហើយប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ដោយស្របទៅតាមច្បាប់អន្តរជាតិ។ ចិនជារឿយៗតែងតែព្រមានថា ខ្លួននឹងប្រើប្រាស់យោធាបង្រួបបង្រួមជាតិ ក្នុងករណីដែលមានយោធាបរទេសណាមួយ ហ៊ានចូលមកផ្តាច់តៃវ៉ាន់ចេញពីចិន ឬនៅពេលដែលកោះតៃវ៉ាន់ប្រកាសឯករាជ្យ៕