(សៀងហៃ)៖ អាជ្ញាធរសន្តិសុខព័ត៌មានវិទ្យាកំពូលរបស់ចិន បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួននឹងធ្វើកំណែទម្រង់កម្មវិធីរុករកតាមប្រព័ន្ធអ៉ឺនធើណិត (web browsers) ដែលដំណើរការលើទូរស័ព្ទដៃចល័ត ដើម្បីដោះស្រាយនូវកង្វល់ចំពោះភាពច្របូកច្របល់ នៃព័ត៌មានដែលត្រូវបានចេញផ្សព្វផ្សាយនៅតាមប្រព័ន្ធអ៉ីនធើណិត។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។
ច្បាប់ត្រួតពិនិត្យលើប្រព័ន្ធអ៉ីនធើណិតរបស់ប្រទេសចិន ត្រូវបានរឹតបន្តឹងជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅក្នុងការបង្ក្រាបលើកនេះ រដ្ឋបាលប្រព័ន្ធ អ៉ីនធើណិតចិន (CAC) បានប្រាប់ក្រុមហ៊ុននានា ដែលដំណើរការកម្មវិធីរុករកតាមប្រព័ន្ធអ៉ិនធើណិតលើទូរស័ព្ទចល័តថា ពួកគេ នឹងមានពេលរហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីធ្វើការត្រួតពិនិត្យ និងដោះស្រោយបញ្ហាដោយខ្លួនឯង។ បញ្ហានេះ រួមមានការរីករាលដាលនៃពាក្យចចាមអារ៉ាម, ការប្រើប្រាស់ចំណងជើង ទាក់ទាញចំណាប់អារម្មណ៍ និងការបោះពុម្ពផ្សាយមាតិកាដែលរំលោភលើតម្លៃស្នូលនៃសង្គមនិយម។
ជុំវិញខាងលើបញ្ហានេះ CAC បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលខ្លះ កម្មវិធីរុករកតាមប្រព័ន្ធអ៉ិនធើណិតលើទូរស័ព្ទចល័ត បានរីកចម្រើនតាមរបៀបដែលគ្មានលក្ខណៈ... ហើយបានក្លាយជាទីកន្លែងដែលប្រមូលផ្ដុំដោយភាពច្របូកច្របល់នៃព័ត៌មានដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយខ្លួនឯង»។
បន្ថែមពីនេះ CAC ក៏បានគូសបញ្ជាក់បន្ថែមដែរថា «បន្ទាប់ពីការធ្វើកំណែទម្រង់រួចរាល់ កម្មវិធីរុករកតាមប្រព័ន្ធអ៉ិនធើណិត លើទូរស័ព្ទចល័ត ដែលនៅតែជាបញ្ហាលេចធ្លោមួយនេះ នឹងត្រូវបានដោះស្រាយយ៉ាងតឹងរឹងទៅតាមច្បាប់ និងបទបញ្ជារហូតដល់អាជីវកម្មដែលពាក់ព័ន្ធទាំងអស់ត្រូវបានហាមឃាត់»។
គួរជម្រាបថា យុទ្ធនាការខាងលើនេះ នឹងផ្ដោតលើក្រុមហ៊ុនដែលដំណើរការកម្មវិធីរុករកតាមប្រព័ន្ធអ៉ិនធើណិតលើទូរស័ព្ទចល័តដែលមានឥទ្ធិពលបំផុតចំនួន ០៨ នៅក្នុងប្រទេសចិន រួមមានក្រុមហ៊ុន Huawei Technologies Co Ltd, UCWeb, Xiaomi Corp, Tencent, 360, Oppo, និង Sogou៕