(ហាណូយ)៖ វៀតណាមកាន់តែបង្កើនការប្រុងប្រយ័ត្ន ទ្វេឡើងថែមទៀតនៅថ្ងៃអង្គារនេះ ក្រោយពីទទួលបានដំណឹងថា ព្យុះទីហ្វុងម៉ូឡេវ (Molave) កំពុងតែបង្កើនសន្ទុះរហូតដល់កម្រិត ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង មកកាន់ភាគកណ្តាលប្រទេសអាស៊ានមួយនេះ ខណៈប្រជាជននៅតំបន់វាយទំនាបជាប់ឆ្នេរសមុទ្រ កំពុងប្រញាប់ប្រញាល់ភៀសខ្លួនឲ្យបានលឿនបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។
បើតាមទីភ្នាក់ងារឧតុនិយមវៀតណាម ព្យុះទីហ្វុង Molave នឹងមកដល់ដែនដីភាគកណ្តាលរបស់ខ្លួន នៅព្រឹកថ្ងៃពុធស្អែកនេះ បន្ទាប់ពីវាបានបោកបក់ហ្វីលីពីនកាលពីចុងសប្តាហ៍មុន ដោយបានផ្តាច់ជីវិតមនុស្ស ០៣នាក់ និង ១៣នាក់ទៀតបាត់ខ្លួន ខណៈប្រជាជនហ្វីលីពីនជាង ១២០,០០០នាក់ទៀតត្រូវជម្លៀសខ្លួនចេញពីលំនៅឋាន។
កាលពីថ្ងៃចន្ទម្សិលមិញនេះ អាជ្ញាធរវៀតណាមបានប្រកាសអំពីការជម្លៀសប្រជាជនសរុប ១.៣លាននាក់នៅតាមបណ្តាខេត្ត ជាប់តំបន់ឆ្នេរភាគកណ្តាលប្រទេស ទៅរកទីកន្លែងមានសុវត្ថិភាព ប៉ុន្តែបណ្តាខេត្តនៅក្នុងតំបន់មួយចំនួន នៅមិនទាន់អាចត្រៀមខ្លួន និងស្តាការខូចខាតពីគ្រោះទឹកជំនន់ ដែលបានសម្លាប់មនុស្សជាង ១៣០នាក់ និងបាត់ខ្លួនរាប់សិបនាក់ទៀត ដែលបានកើតឡើងតាំងតែពីដើមខែតុលានេះ រួចរាល់នៅឡើយទេ។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វុក បានប្រៀបប្រដូចព្យុះ Molave ទៅនឹងព្យុះទីហ្វុងដំរី (Domrey) ដែលបានផ្តាច់ជីវិតមនុស្សច្រើនជាង ១០០នាក់ នៅភាគកណ្តាលវៀតណាមកាលពីឆ្នាំ២០១៧ ហើយលោកក៏បានបញ្ជាឲ្យកងកម្លាំងយោធា ត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការជួយសង្រ្គោះផងដែរ៕