(កូឡុំបូ)៖ ប្រទេសចិនបានប្រកាសប្រឆាំងដាច់ខាត ទៅនឹងយុទ្ធនាការកៀរគរគ្នីគ្នារបស់សហរដ្ឋអាមេរិក ដើម្បីប្រឆាំងចិននៅតំបន់អាស៊ី ហើយក្នុងនោះចិនក៏បានប្រាប់ឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការយាយីប្រទេសស្រីលង្កាផងដែរ នៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ទៅកាន់ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។
សេចក្តីប្រកាសតបទៅកាន់អាមេរិកវិញខាងលើនេះ ត្រូវបានធ្វើឡើងដោយស្ថានទូតចិន ប្រចាំទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ភ្លាមៗប៉ុណ្ណោះបន្ទាប់ពីបេសកកម្មការទូតចិនបានទទួលដំណឹងថា លោក ម៉ៃក៍ ប៉ុមប៉េអូ បានមកបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រជាមួយប្រទេសធំបំផុតលំដាប់លេខ ២ នៅអាស៊ីមួយនេះ ក្នុងការប្រឆាំងប្រទេសចិន ដែលជាមហាយក្សលេខ ១ ប្រចាំតំបន់ដូចគ្នា។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងប្រឆាំងដាច់ខាតចំពោះសហរដ្ឋអាមេរិក ដែលបានឆ្លៀតយកឱកាសនៃដំណើរទស្សនកិច្ច ថ្នាក់រដ្ឋមន្រ្តីការបរទេស ដើម្បីសាបព្រួស និងជ្រៀតជ្រែកចូលក្នុងទំនាក់ទំនងចិន-ស្រីលង្កា និងការបង្ខិតបង្ខំ ព្រមទាំងសម្លុតគំរាមលើប្រទេសស្រីលង្កានោះ»។ ស្ថានទូតចិនក៏បានសង្កត់ធ្ងន់ផងដែរថា ទំនាក់ទំនងជាប្រពៃណីរវាងចិន និងស្រីលង្កាមានជាង ២,០០០ឆ្នាំមកហើយ ដោយគ្មានភាគីទីបីណាអាចមកបំបែកបំបាក់បានឡើយ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ និងរដ្ឋមន្ត្រីការពារជាតិអាមេរិក ម៉ាក អ៉ីស្ពើ (Mark Esper) បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅឥណ្ឌាកាលពីថ្ងៃចន្ទម្សិលមិញ និងថ្ងៃអង្គារនេះតែម្តង។ នៅក្នុងដំណើរទស្សនកិច្ចនោះ កិច្ចព្រមព្រៀងជាច្រើនត្រូវបានសម្រេច ជាពិសេសពាក់ព័ន្ធនឹងវិស័យការពារជាតិ មានដូចជាការលក់បរិក្ខាយោធា និងការចែកទិន្នន័យសម្ងាត់ពីផ្កាយរណបយោធារវាងអាមេរិក និងឥណ្ឌាផងដែរ។
ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រឆាំងនឹងអំណាចសេដ្ឋកិច្ច និងយោធារបស់ចិននៅក្នុងតំបន់ លោក Pompeo ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា និងកោះម៉ាល់ឌីវ ជាប្រទេសដែនកោះស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដែលកំពុងជាប់គាំងជាមួយនឹងបញ្ហាបំណុលចិន តាមរយៈការផ្តល់ហិរញ្ញប្បទាន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ លោក Pompeo នឹងបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសឥណ្ឌូណេស៊ី ដែលកំពុងមានជម្លោះជាមួយចិននៅក្នុងសមុទ្រចិនខាងត្បូង មួយសប្តាហ៍មុនការបោះឆ្នោត ប្រធានាធិបតីនៅអាមេរិក។
ជុំវិញបញ្ហាខាងលើនេះ លោក ឌីន ថមសុន (Dean Thompson) អនុរដ្ឋលេខាធិការនៃការិយាល័យកិច្ចការអាស៊ីខាងត្បូង និងអាស៊ីកណ្តាលរបស់ក្រសួងការបរទេសអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា យើងចង់ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូរបស់យើង ដោយសង្កត់ធ្ងន់លើការរក្សាស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជម្រុញទស្សនវិស័យរបស់យើង សម្រាប់ភាពជាដៃគូយូរអង្វែង និងវិបុលភាពនៅក្នុងតំបន់។
រដ្ឋាភិបាលលោក ត្រាំ ត្រូវបានគេមើលឃើញថា កំពុងដាក់សម្ពាធការទូតបន្ថែមទៅលើទីក្រុងប៉េកាំង ដែលជាផ្នែកសំខាន់នៃយុទ្ធនាការរបស់លោក ដើម្បីឈ្នះឆ្នោតសម្រាប់អាណត្តិទី២។ ជាក់ស្តែងកាលពីដើមខែតុលា លោក Pompeo បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរួមមាន ឥណ្ឌា ជប៉ុន និងអូស្រ្តាលី នៅទីក្រុងតូក្យូ ដែលជាក្រុមមួយដែលត្រូវបានគេមើលឃើញថា ជាកម្លាំងប្រឆាំងនឹងការកើនឡើងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅក្នុងខែវិច្ឆកាខាងមុខ ប្រទេសឥណ្ឌានឹងធ្វើសមយុទ្ធកងនាវាទ្រង់ទ្រាយធំ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ខណៈដែលប្រទេសចិនបានហៅ សកម្មភាពរបស់អាមេរិកនៅក្នុងតំបន់ថា ជាការបង្ករឿង និងចង់បង្ហាញពីគំនិតបែបសង្គ្រាមត្រជាក់៕