Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ ក្មេងប្រុសអាយុទើប៣ឆ្នាំយកកាំភ្លើងមកលេង និងរៀលកៃបាញ់ចំខ្លួនឯង បណ្តាលឲ្យស្លាប់នៅក្នុងថ្ងៃខួបកំណើត

27-10-2020 11:02

(ហូស្ដុន)៖ ក្មេងប្រុសអាយុ ០៣ឆ្នាំម្នាក់ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានស្លាប់បន្ទាប់ពីរៀលកៃកំាំភ្លើងបាញ់ចំខ្លួនឯង កំឡុងពិធីជប់លៀងខួបកំណើតរបស់ខ្លួន។ នេះបើតាមប្រភពពីមន្ត្រីប៉ូលិសអាមេរិក ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។

ប៉ូលិសអាមេរិកបានឱ្យដឹងទៀតថា ក្មេងប្រុសខាងលើត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិរៀបចំពិធីខួបកំណើតគម្រប់អាយុ ០៣ឆ្នាំ នៅក្នុងផ្ទះនៅឯទីក្រុង ផតធើ (Porter) ស្ថិតនៅចំងាយ ៤០គីឡូម៉ែត្រពីភាគឦសានទីក្រុងហូសស្តុន នៃរដ្ឋតិចសាស់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ក្មេងប្រុសរូបនេះបានរងរបួស ដោយគ្រាប់កាំភ្លើងមួយគ្រាប់នៅចំទ្រូង និងត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរសង្គ្រោះបន្ទាន់ ក្នុងស្ថានីយពន្លត់អគ្គីភ័យមួយក្នុងតំបន់នោះ ជាទីដែលក្មេងប្រុសអាយុទើប ០៣ឆ្នាំរូបនេះបានបាត់បង់ជីវិត។

គួរបញ្ជាក់តាមប៉ូលិសអាមេរិក ក្មេងប្រុសរូបនេះទំនងជាបានរើសកំាភ្លើង ដែលជ្រុះចេញពីចង្កេះសាច់ញាតិម្នាក់របស់ខ្លួន ហើយក៏បានរៀលកៃបាញ់ចំខ្លួនឯងតែម្តង។ តិចសាស់ គឺជារដ្ឋមួយក្នុងចំណោមរដ្ឋមួយចំនួនធំរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់កំាភ្លើង៕