(ផ្ល័ររីដា)៖ ចោរមួយក្រុមបានលួចស្រោមដៃពេទ្យច្រើនជាង ៦លានគូមានតម្លៃសរុប ១លានដុល្លារ ដែលទុកសម្រាប់បុគ្គលិកសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យមួយចំនួនក្នុងរដ្ឋផ្ល័ររីដា (Florida) ខណៈដែលជំងឺរាតត្បាតសកល COVID-19 ក្នុងរដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិកមួយនេះ ក៏កំពុងស្ថិតនៅក្នុងស្ថានភាពអាក្រក់ខ្លាំងឡើងៗផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។
ក្រុមហ៊ុន ម៉េដឡូវ (Medgluv) ជាអ្នកផ្គត់ផ្គង់ស្រោមដៃពេទ្យដល់ ឧស្សាហកម្មថែទាំងសុខភាពជាតិអាមេរិកបានឱ្យដឹងថា ពួកគេបានរៀបចំស្រោមដៃខាងលើ នៅឯការិយាល័យក្រុមហ៊ុនក្នុងទីក្រុង ខូរ៉ល ស្ព្រីងស៍ (Coral Springs) នៃរដ្ឋផ្ល័ររីដា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សម្រាប់ដឹកជូនទៅចែកចាយនៅតាមមន្ទីរពេទ្យ ដែលបានបញ្ជាទិញជាប្រចាំថ្ងៃ។ ក៏ប៉ុន្តែកាលពីថ្ងៃអាទិត្យកន្លងទៅ ស្រោមដៃទាំងនោះបែរជាត្រូវបានចោរលួចវិញ ហើយបើតាមកាមេរ៉ាសុវត្ថិភាព គេឃើញក្រុមចោរយករថយន្តធុនធំដឹកកុងតឺន័រមួយគ្រឿង ចាកចេញយ៉ាងងាយស្រួល ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
គួរបញ្ជាក់ថា ខាងក្រុមហ៊ុន Medgluv មិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះនោះទេ ខណៈប៉ូលិសអាមេរិក កំពុងបើកការស៊ើបអង្កេតលើករណីនេះ។ អំពើចោរកម្មលើផ្នែកសុខាភិបាលខាងលើនេះ បានកើតមានឡើងក្រោយសហរដ្ឋអាមេរិក តាមរយៈមន្ត្រីជំនិតលោក ដូណាល់ ត្រាំ មួយរូបបានលើកឡើងថា ជំងឺរាតត្បាតសកល COVID-19 ស្ថិតនៅក្នុងកម្រិតដែលមហាអំណាចនេះ មិនអាចគ្រប់គ្រងបានទៀតឡើយ។ ស្រោមដៃ ម៉ាស និងសំលៀកបំពាក់អនាម័យ ត្រូវបានចាត់ទុកជាបរិក្ខាចាំបាច់បំផុត សម្រាប់បុគ្គលិកសុខាភិបាលគ្រប់គ្រងប្រើប្រាស់នៅគ្រប់វិនាទី ដើម្បីប្រយុទ្ធតស៊ូនឹងជំងឺ COVID-19៕