(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសថា ខ្លួនបានយល់ព្រមលក់ប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ ហាភូន (Harpoon coastal defence systems) នៅក្នុងតម្លៃ ២.៤ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ដែលជាវិធានការណ៍មួយធ្វើឲ្យទីក្រុងប៉េកាំងមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីកិច្ចព្រមព្រៀងលក់មីស៊ីលនៅក្នុងតម្លៃ ១ពាន់លានដុល្លាររបស់ក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថា ប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ Harpoon នឹងជួយពង្រឹងសមត្ថភាព, សន្តិសុខ, ស្ថិរភាពនយោបាយ, តុល្យភាពយោធា និងជាពិសេសវឌ្ឍនភាពនៅក្នុងតំបន់កោះតៃវ៉ាន់។ កិច្ចព្រមព្រៀងខាងលើរួមមានប្រព័ន្ធការពារឆ្នេរសមុទ្រ Harpoon (HCDS) ដែលមានប្រព័ន្ធបាញ់ចំនួន ១០០គ្រឿង រាប់បញ្ចូលទាំងគ្រាប់មីស៊ីលប្រភេទ RGM-84L-4 Harpoon Block II ចំនួន ៤០០គ្រាប់ ដែលជាប្រភេទមីស៊ីលបាញ់ចេញពីលើគោក និងមានរយៈចម្ងាយអតិបរមា ១២៥គីឡូម៉ែត្រ។ មីស៊ីលប្រភេទនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Boeing ដោយអាចដាក់នៅលើទម្រថេរ ឬនៅលើរថយន្តចល័តក៏បាន។
កាលពីថ្ងៃពុធសប្តាហ៍មុន ក្រសួងការបរទេសអាមេរិកបានអនុម័តលើគម្រោងលក់មីស៊ីល AGM-84H SLAM-ER ចំនួន ១៣៥គ្រាប់នៅក្នុងតម្លៃ ១ពាន់លានដុល្លារ ដែលមានរយៈចម្ងាយអាចបាញ់ដល់ចិនដីគោក។ ជាការឆ្លើយតប ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទម្សិលមិញបានប្រកាសថា ខ្លួនងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាមេរិកពាក់ព័ន្ធដទៃទៀតផងដែរ។
គួរបញ្ជាក់ថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រឆាំងនឹងអំណាចផ្នែកសេដ្ឋកិច្ច និងយោធារបស់ចិននៅក្នុងតំបន់ រដ្ឋាភិបាលលោក ត្រាំ ត្រូវបានគេមើលឃើញថា កំពុងតែបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់ តាមរយៈការបញ្ជូនបេសកជនថ្នាក់ខ្ពស់ និងជំរុញការលក់អាវុធទៅឲ្យដែនកោះមួយនេះ។ នយោបាយដាក់សម្ពាធចិនបន្ថែមទៀតនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីស្រូបទាញសន្លឹកឆ្នោត៕