(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកបានទទួលស្គាល់លោកស្រី អេមី ខូនី បារែត (Amy Coney Barrett) ជាចៅក្រមតុលាការកំពូលថ្មី ដែលនេះគឺជាការផ្ដល់ជ័យជំនះមួយដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ មួយសប្ដាហ៍មុននឹងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកាចូលមកដល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។
លោកស្រី Amy Coney Barrett ត្រូវបានព្រឹទ្ធសភាពអាមេរិកគ្រប់គ្រងដោយ គណបក្សសាធារណរដ្ឋបោះឆ្នោតគាំទ្រក្នុងសំឡេង ៥២ ទល់នឹង ៤៨សំឡេង ខណៈមានតែសមាជិកព្រឹទ្ធសភាសាធារណរដ្ឋគឺលោកស្រី ស៊ូសានស៍ ខូលលីនស៍ (Susan Collins) ម្នាក់ប៉ុណ្ណោះបានបោះឆ្នោតជំទាស់ ទៅនឹងការតែងតាំងលោកស្រី Barrett ជាចៅក្រមតុលាការកំពូល។ លោកស្រី Barrett មានអាយុ ៤៨ឆ្នាំ បានស្បថចូលកាន់តំណែងនៅឯសេតវិមាន ក្រោមការចូលរួមដោយផ្ទាល់លោក ដូណាល់ ត្រាំ ហើយការតែងតាំងនេះនឹងធ្វើឱ្យសំឡេងចៅក្រមអភិរក្សនិយម
ក្នុងតុលាការកំពូលមាន ៦រូប ទល់នឹង ៣រូប។
គួរជម្រាបថា លោកស្រី Barrett ត្រូវបានតែងតាំងជាបេក្ខភាពចៅក្រមតុលាការកំពូល បន្ទាប់ពីចៅក្រមកំពូលលោកស្រី រ៉ាស ប៊ែដឺ ហ្គីនស៍ប៊ឺក (Ruth Bader Ginsburg) បានទទួលមរណភាពកាលពីខែកញ្ញាកន្លងទៅ។ មិនតែប៉ុណ្ណោះលោកស្រី Barrett ក៏ជាចៅក្រមតុលាការកំពូលអាមេរិកទី ៣ផងដែរ ដែលត្រូវបានប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ជ្រើសរើសតាំងបន្ទាប់ពីលោកចៅក្រមឈ្មោះ នែល ហ្គ័រសាច់ (Neil Gorsuch) កាលពីឆ្នាំ២០១៧ និងលោកចៅក្រម ប្រ៊ែត កាវ៉ាណូស (Brett Kavanaugh) កាលពីឆ្នាំ២០១៨។
លោកស្រី Barrett មាននិន្ននាការគំាទ្រនយោបាយលោក ត្រាំ ក្នុងនោះរួមមានទាំងការលុបចោលគោលនយោបាយថែទាំងសុខភាព អូបាម៉ាឃែរ (Obamacare) នៃអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ប៉ុន្តែលោកស្រីផ្ទាល់ធ្លាប់អះអាងថា ការលុបចោល Obamacare មិនស្ថិតនៅក្នុងរបៀបវារៈរបស់លោកស្រីឡើយ៕