(ញូដេលី)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានធ្វើដំណើរទៅដល់ទីក្រុងញូវដែលី (New Delhi) នៃប្រទេសឥណ្ឌាហើយនៅថ្ងៃចន្ទនេះ ក្នុងការចាប់ផ្តើមដំណើរទស្សនកិច្ចមួយជុំនៅតំបន់អាស៊ី ចំនួន 0៤ប្រទេស ដែលរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះអះអាងថា កំពុងប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។
ដោយមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ម៉ាក អុីស្ពើ (Mark Esper) ក្នុងដំណើរទស្សនកិច្ចរយៈពេល ០២ថ្ងៃនៅឥណ្ឌា លោក Pompeo នឹងបើកកិច្ចចរចាថ្នាក់កំពូលជាមួយភាគីម្ចាស់ផ្ទះ ក្រោយមានការប៉ះទង្គិចគ្នាយ៉ាងហិង្សានៅតាមតំបន់ព្រំដែន រវាងប្រទេសឥណ្ឌានិងចិនកាលពីខែមិថុនាកន្លងទៅ។
ប្រទេសឥណ្ឌា បានស្វែងរកទិញបរិក្ខាការពារអាកាសអាធាតុត្រជាក់ (cold weather equipment) ពីសហរដ្ឋអាមេរិក ខណៈអាកាសធាតុនៅតំបន់ព្រំដែននៃជួរភ្នំហិម៉ាឡៃ (Himalayan) បានចុះត្រជាក់កាន់តែខ្លាំងឡើង។ ក្រុមមន្ត្រីបាននិយាយថា បញ្ហានេះអាចនឹងត្រូវបានលើកមកពិភាក្សា នៅពេលលោក Pompeo និងលោក Esper បានជួបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងរដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក Rajnath Singh។
ប្រទេសប្រជាធិបតេយ្យធំបំផុតទី២ នៅលើពិភពលោកនេះ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការចែករំលែកព័ត៌មានភូមិសាស្ត្រ ដែលជាការត្រួសត្រាយផ្លូវសម្រាប់សហរដ្ឋអាមេរិកក្នុងការបញ្ជូនបច្ចេកវិទ្យាមីស៊ីលទំនើបដល់ឥណ្ឌា។
គួរជម្រាបថា លោក Pompeo នឹងបន្តដំណើរពីឥណ្ឌាទៅកាន់ប្រទេសស្រីលង្កា ម៉ាល់ឌីវ និងឥណ្ឌូនេស៊ី ដែលប្រទេសទាំងអស់នេះសុទ្ធសឹងមានតួនាទីយ៉ាងសំខាន់ ក្នុងចរាចរណ៍នាវានៅមហាសមុទ្រឥណ្ឌា ដែលចិនបានដាក់ស្រមោលនៅទីនោះ កាន់តែច្រើន៕