(ប៉ារីស)៖ លោកសាស្រ្តាចារ្យ Jean-François Delfraissy ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រដែលផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានថ្លែងប្រាប់វិទ្យុ RTL នៅថ្ងៃចន្ទនេះថា ប្រទេសបារាំងអាចនឹងមើលឃើញ នូវចំនួនករណីឆ្លងជំងឺ COVID-19 ថ្មីៗប្រចាំថ្ងៃ រហូតដល់ ១០០,០០០ករណី ដែលច្រើនជាងតួលេខផ្លូវការនាពេលបច្ចុប្បន្នទ្វេដង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។
លោក Delfraissy បានលើកឡើងយ៉ាងដូច្នេះថា «បច្ចុប្បន្ន យើងមានករណីឆ្លង COVID-19 ច្រើនជាង ៥០,០០០ករណីក្នុងមួយថ្ងៃ។ ហើយបើយោងតាមគណៈកម្មាធិការវិទ្យាសាស្ត្រ យើងអាចប៉ាន់ស្មានថា នៅក្នុងតំបន់វានឹងមានចំនួនច្រើនជាង ១០០,០០០ករណីក្នុងមួយថ្ងៃឯនោះ»។
ប្រទេសបារាំងដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅបន្ទាប់ពីអាល្លឺម៉ង់ ក្នុងតំបន់ចាយប្រាក់អឺរ៉ូ បច្ចុប្បន្ននេះកំពុងពិនិត្យមើលពីលទ្ធភាពរឹតបន្តឹងវិធានការបន្ថែមទៀត នៅតាមទីក្រុងធំៗមួយចំនួន រួមទាំងទីក្រុងប៉ារីសផងដែរ បើទោះបីជាទីក្រុងទាំងនោះ បានជាប់បំរាមគោចរនៅពេលយប់ រួចមកហើយនោះ ខណៈករណីឆ្លងបានស្ទុះឡើងវិញ យ៉ាងគំហុក។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យមិញម្សិល ក្រសួងសុខាភិបាលបារាំងបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីៗសរុបចំនួន ៥២,០១០ករណី ហើយមនុស្ស ១១៦នាក់បន្ថែមទៀតបានស្លាប់នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈដែលរលកទី២ នៃជំងឺ COVID-19 កំពុងវាយប្រហារនៅទូទាំងទ្វីបអឺរ៉ុប។
រហូតមកទល់ពេលនេះ ប្រទេសបារាំងមានករណីឆ្លងសរុបចំនួន ១,១៣៨,៥០៧នាក់ ក្នុងនោះមនុស្ស ៣៤,៧៦១នាក់បានស្លាប់ និង ១១០,៣២២នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ។ ប្រទេសបារាំងបានវ៉ាដាច់ប្រទេសអាហ្សង់ទីន និងអេស្បាញក្នុងបញ្ចីឈ្មោះប្រទេសដែលមានចំនួនករណីច្រើនបំផុតលំដាប់ទី៥ នៅលើពិភពលោក៕