(ហាណូយ)៖ វៀតណាមកំពុងត្រៀមជម្លៀសប្រជាជនរហូតដល់ជិត ១.៣លាននាក់ ស្របពេលដែលព្យុះទីហ្វុង ម៉ូឡេវ (Molave) កំពុងឆ្ពោះមករកខ្លួន ក្រោយពីវាបានវាយប្រហារលើហ្វីលីពីន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។
ព្យុះទីហ្វុង Molave ដែលមានកម្លាំងខ្យល់ ១២៥គីឡូម៉ែត្រក្នុងមួយម៉ោង បានចាកចេញផុតពីកោះធំរបស់ហ្វីលីពីនគឺកោះ លូហ្សុន (Luzon នៅថ្ងៃចន្ទនេះ ដោយវាបានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់និងបាក់ដី។ ខណៈមិនមានសេចក្តីរាយការណ៍អំពីមនុស្សបាត់បង់ជីវិត អ្នកនេសាទ ១២នាក់ត្រូវបានគេអះអាងថាបាត់ខ្លួន។
Molave គឺជាព្យុះទីហ្វុងទី ១៧ហើយ ដែលបានវាយប្រហារលើប្រទេសហ្វីលីពីននៅឆ្នាំនេះ ហើយវាត្រូវគេរំពឹងថា នឹងបោកបក់មកដល់ ភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃពុធសប្តាហ៍នេះ ជាមួយល្បឿនខ្យល់ ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ Molave នឹងជាព្យុះទី ៤ ដែលបានវាយប្រហារលើវៀតណាម ក្នុងខែតុលានេះ។ មកទល់ឥឡូវនេះគ្រោះទឹកជំនន់ និងបាក់ដីបានសម្លាប់មនុស្ស ១៣០នាក់ និងធ្វើឲ្យបាត់ខ្លួន ២០នាក់នៅវៀតណាម។
គួរជម្រាបថា វៀតណាមកំពុងត្រៀមជម្លៀសមនុស្សជិត ១.៣លាននាក់ ហើយបណ្តាខេត្ត និងទីក្រុងទាំងឡាយ ដែលស្ថិតនៅលើគន្លងផ្លូវរបស់ព្យុះ Molave ត្រូវបានទទួចឲ្យបង្កើនការប្រុងប្រយ័ត្ន។ នាយករដ្ឋមន្រ្តីវៀតណាមបានប្រៀបប្រដូចព្យុះ Molave ទៅនឹងព្យុះទីហ្វុងដំរី ដែលបានផ្តាច់ជីវិតមនុស្សច្រើនជាង ១០០នាក់ នៅភាគកណ្តាលវៀតណាមកាលពីឆ្នាំ២០១៧ ហើយលោកក៏បានបញ្ជាឲ្យកងកម្លាំងយោធា ត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការជួយសង្រ្គោះផងដែរ៕