(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីចៀន (Zhao Lijian) នាថ្ងៃចន្ទនេះបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន និងបុគ្គលមួយចំនួននៅសហរដ្ឋអាមេរិក ជុំវិញការលក់សព្វាវុធឲ្យកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។
លោក Zhao បានលើកឡើងដូច្នេះថា «ដើម្បីការពារផលប្រយោជន៍ជាតិរបស់ប្រទេសចិន រដ្ឋាភិបាលចិនបានសម្រេចថា នឹងចាត់វិធានការចាំបាច់ ដើម្បីដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ដែលចូលរួមពាក់ព័ន្ធក្នុងការលក់អាវុធ របស់សហរដ្ឋអាមេរិកឲ្យទៅតៃវ៉ាន់ ក្នុងនោះរួមមានក្រុមហ៊ុន Lockheed Martin, Boeing Defense និង Raytheon»។
ក្រុមហ៊ុនទាំង ៣ខាងលើនេះ សុទ្ធតែជាក្រុមហ៊ុនផលិតសព្វាវុធធំៗបំផុតរបស់អាមេរិក។ បើតាមលោក Zhao ក្រុមហ៊ុន និងបុគ្គលអាមេរិកផ្សេងទៀត ដែលមានប្រវត្តិមិនល្អក្នុងការលក់សព្វាវុធ ក៏នឹងត្រូវរងទណ្ឌកម្មដូចគ្នាផងដែរ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិនរួបនេះមិនបានបញ្ជាក់ថា មានចំនួនប៉ុន្មានឲ្យច្បាស់លាស់នោះឡើយ។
គួរជម្រាបថា កាលពីថ្ងៃទី២១ ខែតុលា សហរដ្ឋអាមេរិកបានអនុញ្ញាតចំពោះ គម្រោងប្រព័ន្ធសព្វាវុធចំនួន ០៣ឲ្យទៅកោះតៃវ៉ាន់ ក្នុងនោះរួមមានដូចជា ប្រព័ន្ធចាប់សញ្ញាសិនស័រ (Sensor), ប្រព័ន្ធមីស៉ីល និងប្រព័ន្ធកាំភ្លើងធំដែលមានតម្លៃសរុបរហូតដល់ ១.៨ពាន់លានដុល្លារ។ ពេលនោះចិនបានសម្តែងការជំទាស់ជាខ្លាំង ហើយក៏ព្រមានពីការឆ្លើយតបចាំបាច់ទៅវិញផងដែរ៕