(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក តំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បាននិយាយថា កូរ៉េខាងជើងបច្ចុប្បន្នអាចផលិតបាន គ្រាប់មីស៊ីលក្នុងចំនួនដ៏ច្រើន ដែលនេះគឺជាគ្រោះថ្នាក់ដ៏ធំលើសពេលណាទាំងអស់ គឺដោយសារតែលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS លោក បៃដិន ក៏បានចោទប្រកាន់លោក ដូណាល់ ត្រាំ ផងដែរថាមានទំនោរទន់ភ្លន់ជាមួយមេដឹកនាំផ្ដាច់ការជាច្រើន ក្នុងនោះរួមមានទាំងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ព្រមទាំងបំផ្លាញទំនាក់ទំនងជាប្រពៃណីរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «គាត់ (លោក ត្រាំ) ចូលចិត្តតែរាប់អានជាមួយមេដឹកនាំផ្ដាច់ការ ហើយយកម្រាមដៃរបស់គាត់ចង្អុលមុខមិត្តទាំងអស់របស់យើង... អ្វីដែលកំពុងកើតឡើងបច្ចុប្បន្ន ដូចអ្នកបានឃើញស្រាប់ នោះគឺកូរ៉េខាងជើងមានមីស៊ីលកាន់តែច្រើន និងមានសមត្ថភាពកាន់តែខ្លាំងជាងពេលមុខៗទៅទៀត»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានជួបជាមួយលោក គីម ជុងអ៊ុន ចំនួនបីលើកនៅចន្លោះពីខែមិថុនា ឆ្នាំ២០១៨ និងខែមិថុនា ឆ្នាំ២០១៩ ជាពេលដែលលោកបានអះអាងពីទំនាក់ទំនងជាមួយលោក គីម និងជោគជ័យក្នុងការទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។ តែទោះជាមិនបានធ្វើតេស្ដមីស៊ីល ICBM ឬ អាវុធនុយក្លេអ៊ែរក៏ពិតមែន កូរ៉េខាងជើងមិនបានបោះបង់ចង់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដូចរដ្ឋបាលលោក ត្រាំ បានលើកឡើងនោះឡើយ។ កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅនេះ ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថា បានបញ្ចេញមីស៊ីលផ្លោងអន្តរទ្វីប ICBM ស៊េរីមួយដែលគេជឿជាក់ថា មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចបាញ់ដល់សហរដ្ឋអាមេរិក៕