(ប៉េកាំង)៖ ថ្នាក់ដឹកនាំចិននឹងជួបពិភាក្សាគ្នា អំពីវិធានការថ្មីមួយប្រកបដោយមហិច្ឆតានៅថ្ងៃចន្ទនេះ ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ស្ថិតនៅក្រោមផែនការ ០៥ឆ្នាំ នៃការអភិវឌ្ឍប្រទេសជាតិ បន្ទាប់ពីលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានសន្យាថា នឹងធ្វើឱ្យចិនក្លាយជាប្រទេសមិនបញ្ចេញឧស្ម័នកាបូនិច ទៅក្នុងបរិយាកាសនៅត្រឹមឆ្នាំ២០៦០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ធ្លាប់បានសន្យាចំពោះមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីខែកញ្ញាថា ប្រទេសចិននឹងសម្រេចឱ្យបាននូវការគ្រប់គ្រង ការបញ្ចេញឧស្ម័នកាបូនិច នៅមុនឆ្នាំ២០៣០ ហើយក្លាយជាប្រទេសមិនបញ្ចេញឧស្ម័នកាបូនិច ទៅក្នុងបរិយាកាសនៅត្រឹមឆ្នាំ២០៦០។ ទោះជាយ៉ាងណា មហិច្ឆតាមួយនេះ កំពុងធ្វើឱ្យអ្នកតាក់តែងគោលនយោបាយចិន រងសម្ពាធដោយសារតែការបញ្ចូលគំនិតផ្ដួចផ្ដើមនេះ ទៅក្នុងផែនការ ០៥ឆ្នាំគិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ខណៈ COVID-19 កំពុងជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចចិន ដែលបញ្ហានេះអាចនឹងធ្វើឱ្យប៉ះពាល់ ដល់ការសម្រេចចិត្តរបស់ពួកគេ។
បើតាមលោក ស៊ូ ជី (Zou Ji) ជាប្រធានអង្គការមូលនិធិថាមពលចិន (Energy Foundation China) ការប្រកាសរបស់លោក ស៊ី បានបង្ហាញថា បម្រែបម្រួលអាកាសធាតុគឺជាចំណុចកណ្ដាល នៃយុទ្ធសាស្ត្រសេដ្ឋកិច្ច និងនយោបាយចិនដែលប្រការនេះមានន័យថា ហេដ្ឋារចនាសម្ព័ន្ធចិនទាំងមូល នឹងត្រូវប្រឈមមុខនឹងការផ្លាស់ប្ដូរជាលក្ខណៈប្រព័ន្ធ។ បើតាមក្រុមអ្នកជំនាញបរិស្ថាន ចិនចាំបាច់ត្រូវកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម នៅក្នុងវិស័យថាមពលចម្រុះរបស់ខ្លួនចាប់ពី ៥៨ភាគរយ កាលពីឆ្នាំ២០១៩ ឱ្យនៅត្រឹមតិចជាង ៥០ភាគរយនៅត្រឹមឆ្នាំ២០២៥ ប្រសិនបើការប្តេជ្ញាចិត្តខាងលើនេះត្រូវបានអនុវត្ត៕