(ប៊ែរឡាំង)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យមានការសាមគ្គីភាពជាសកល ក្នុងការដាក់ចេញឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ណាមួយនាពេលអនាគត ខណៈចំនួនករណីឆ្លងបានបន្តកើនឡើងយ៉ាងគំហុក នៅទូទាំងពិភពលោក ពិសេសនៅទ្វីបអាមេរិក និងអឺរ៉ុបតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។
បើតាមប្រធានអង្គការ WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) មធ្យោបាយតែមួយគត់ ដើម្បីឲ្យពិភពលោកបានជាសះស្បើយពីជំងឺរាតត្បាតសកល (COVID-19) នេះ គឺមានតែការសាមគ្គីគ្នា និងការធ្វើឱ្យប្រាកដថា បណ្តាប្រទេសក្រីក្រនានាអាចមានសិទ្ធិទទួលបាន នូវវ៉ាក់សាំងដូចបណ្ដាប្រទេសអ្នកមានដែរ។
លោក Tedros បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជារឿងធម្មតាទេ ដែលបណ្ដាប្រទេសនានាចង់ការពារពលរដ្ឋរបស់ខ្លួនជាមុន ប៉ុន្តែប្រសិនបើយើងមានវ៉ាក់សាំងដែលមានប្រសិទ្ធិភាពហើយ យើងក៏ត្រូវប្រើវាឲ្យមានប្រសិទ្ធភាពផងដែរ... ហើយវិធីដែលល្អបំផុតនោះ គឺការចាក់វ៉ាក់សាំងជូនប្រជាជនមួយចំនួន នៅក្នុងប្រទេសទាំងអស់ជាជាងការចាក់វ៉ាក់សាំង ជូនប្រជាជនទាំងអស់នៅក្នុងប្រទេសតែមួយចំនួន។ ខ្ញុំក៏សូមបញ្ជាក់ម្ដងហើយម្ដងទៀត ឲ្យកាន់តែច្បាស់ដែរថា ការចាក់វ៉ាក់សាំងជាតិនិយម នឹងអូសបន្លាយរយៈពេលឲ្យកាន់តែវែង សម្រាប់ជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះ ដោយមិនមែនជាការបន្ថយរយៈពេលឲ្យខ្លីនោះទេ»។
បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកកំពុងតែប្រណាំងគ្នា ដើម្បីអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំង COVID-19 ដែលបានសម្លាប់មនុស្សជាង ១.១លាននាក់រួចទៅហើយនេះ... ហើយបេក្ខភាពវ៉ាក់សាំងជាច្រើន កំពុងស្ថិតក្រោមការធ្វើតេស្ត ក្នុងនោះមានវ៉ាក់សាំងចំនួន ១០ ហើយដែលកំពុងស្ថិតក្រោមការធ្វើតេស្តដំណាក់កាលទី ៣ ឬចុងក្រោយដោយមានការចូលរួម ពីសំណាក់ក្រុមអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) ក៏បានដាក់ចេញនូវគម្រោងអន្តរជាតិមួយ ដែលមានឈ្មោះថា Covax ដើម្បីធានាឲ្យបានថា គ្រប់ប្រទេសជាសមាជិកទាំងអស់ នឹងទទួលបានវ៉ាក់សាំងប្រឆាំង COVID-19 ដែលប្រកបដោយនូវសុវត្ថិភាព ប្រសិទ្ធភាព និងស្មើភាពគ្នាផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា WHO បានសង្កត់ធ្ងន់ថា ខ្លួននៅត្រូវការថវិកាបន្ថែមទៀត ដើម្បីដំណើរការគម្រោងនេះបានដោយរលូន និងកាន់តែឆាប់៕