(ម៉ានីល)៖ ព្យុះទីហ្វុង ម៉ូឡេវ (Molave) បានបង្ខំឱ្យប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ ក្នុងខេត្តភាគខាងត្បូងនៃរដ្ឋធានីម៉ានីល ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ទីទួលមានសុវត្ថិភាពរៀបចំឡើងដោយអាជ្ញាធរ ខណៈភូមិរបស់ពួកគេត្រូវបានជន់លិច ដោយសារទឹកជំនន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។
បើតាមក្រុមមន្ត្រីហ្វីលីពីន មនុស្សយ៉ាងហោចណាស់២៥,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្ដោះអាសន្ន រៀបចំដោយរដ្ឋនៅតាមសាលារៀន និងអគាររដ្ឋាភិបាលក្នុងខេត្ត Batangas ស្ថិតនៅភាគខាងត្បូងរដ្ឋធាននីម៉ានីល។ ក្រុមមន្ត្រីហ្វីលីពីនមិនទាន់រាយការណ៍ ពីចំនួនអ្នកស្លាប់ ឬរងរបួសដោយសារព្យុះទីហ្វុង Molave នោះទេ ក៏ប៉ុន្តែពួកគេបានឱ្យដឹងថា មនុស្សម្នាក់បានបាត់ខ្លួន និង ០៧នាក់ទៀត ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Molave បានវាយប្រហារប្រទេសហ្វីលីពីនជាមួយល្បឿនខ្យល់បោកបក់ ១៨០គីឡូម៉ែត្រក្នុងម៉ោង ហើយក្រោមមកបានថមថយកម្លាំងមកនៅត្រឹម ២៥គីឡូម៉ែត្រ។ ព្យុះទីហ្វុងនេះអាចនឹងចាប់ផ្ដើមធ្វើដំណើរចេញពីហ្វីលីពីននៅថ្ងៃចន្ទនេះ រួចបន្តឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង៕