(បាងកក)៖ ក្រុមបាតុករថៃបានប្រកាសឲ្យដឹងថា ពួកគេនឹងដាក់ញ្ញតិទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការស៊ើបអង្កេតពីការប្រើប្រាស់អំណាច របស់ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) នៅពេលដែលទ្រង់កំពុងស្នាក់នៅក្នុងប្រទេសអឺរ៉ុបមួយនេះ ខណៈដែលក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាសាជាថ្មីនៅតាមដងផ្លូវនៃទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។
បាតុកម្មកាលពីថ្ងៃថ្ងៃអាទិត្យម្សិលមិញនេះ គឺជាការប្រមូលផ្តុំគ្នាជាទ្រង់ទាយធំ ជាលើកដំបូងបន្ទាប់ពីលោក ប្រយុទ្ធ ចាន់អូចា បានព្រងើយកន្តើយចំពោះពេលវេលាកំណត់ ដែលត្រូវបានទុករយៈពេល ០៣ថ្ងៃ ឲ្យលោករៀបចំចុះចេញពីតំណែង រួមទាំងការប្រកាសលុបចោលបទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលលោកបានដាក់កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅផងដែរ។ ពេលវេលាបីថ្ងៃបានផុតកំណត់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយលោក ប្រាយុទ្ធ បានសម្រេចចិត្តដកការប្រកាសអាសន្ន ប៉ុន្តែមិនព្រមលាលែងពីតំណែងឡើយ។
ការដើរជាក្បួនគ្រោងបន្ថែមទៀតនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទនេះ ទៅកាន់ស្ថានទូតអាល្លឺម៉ង់ ប្រចាំទីក្រុងបាងកក ខណៈដែលក្រុមបាតុករនៅតែបន្តអំពាវនាវ ឲ្យមានការកាត់បន្ថយអំណាយរបស់ស្តេច ហើយវាបានប្រែក្លាយជាការតវ៉ាប្រឆាំងដ៏ធំបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមអ្នកតវ៉ាបានគូសបញ្ជាក់ថា ពួកគេនឹងដាក់លិខិតមួយទៅកាន់ស្ថានទូតអាល្លឺម៉ង់ដើម្បីសាកសួរថា តើព្រះមហាក្សត្រថៃបានបំពានច្បាប់របស់អាល្លឺម៉ង់ ដោយប្រើអំណាចរបស់ទ្រង់ពីទីនោះដែរ ឬទេ ហើយវាជាអ្វីដែលរដ្ឋាភិបាលអាល្លឺម៉ង់ចាត់ទុកថា ជារឿងដែលមិនអាចទទួលយកបានផងដែរ។
យ៉ាងណាមិញ ក្រុមបាតុករមិនបានបញ្ជាក់ច្បាស់ពីអំណាចក្នុងទម្រង់ណាមួយ ដែលពួកគេជឿថា ព្រះមហាក្សត្រថៃបានប្រើពីប្រទេសអាល្លឺម៉ង់នោះឡើយ។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមទៀតថា ការស្នើសុំនេះមានគោលបំណងនាំយករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ យ៉ាងពិតប្រាកដមកឲ្យប្រទេសថៃវិញ។
គួរបញ្ជាក់ថា ការិយាល័យនាយករដ្ឋមន្ត្រីថៃ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា លោក ប្រយុទ្ធ «នឹងមិនចុះចេញពីតំណែងទេ» ហើយវិបត្តិនេះគួរតែត្រូវបានពិភាក្សានៅក្នុងសភា ដែលត្រូវបើកសម័យប្រជុំពិសេសនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះតែម្តង។ ជាការឆ្លើយតប មេដឹកនាំបាតុកម្មមួយរូបលោក ចតុផាត់ (Jatupat Boonpattararaksa) បាននិយាយទៅកាន់ក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងបាងកកថា បើលោក ប្រយុទ្ធ មិនព្រមលាលែងទេ យើងនឹងបន្តទាមទាររហូតទាល់តែ លោកចុះចេញដោយសន្តិវិធី៕