(គួរឡាឡាំពួរ)៖ ព្រះមហាក្សត្រម៉ាឡេស៊ី នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ បានមានព្រះបន្ទូលថា«មិនមានភាពចាំបាច់ណាមួយ ត្រូវប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅពេលនេះទេ» ដែលជាការឆ្លើយតបទៅនឹងសុំណើររបស់នាយករដ្ឋមន្រ្តីលោក Muhyiddin Yassin ទាក់ទងនឹងស្ថានការណ៍ COVID-19 នៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យព្រះបរមរាជវាំងលោក អាហ៍ម៉ាត់ ហ្វាទីល ហ្សាមស៊ូដទីន (Ahmad Fadil Shamsuddin) បានឲ្យដឹងថា ព្រះចៅ ស៊ូលតង់ អាប់ឌុលឡាហ៍ អាហ៍ម៉ាត់ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) បានមានព្រះរាជតំរិះថា នៅពេលនេះ មិនមានភាពចាំបាច់ណាមួយ ត្រូវឲ្យព្រះអង្គប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ឬតំបន់ជាក់លាក់ណានៃប្រទេសនោះទេ»។
សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមទៀថា «ព្រះករុណានៃយើងបានក្រើនរំលឹកដល់អ្នកនយោបាយទាំងអស់ ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពនយោបាយណាមួយ ដែលអាចរំខានដល់ស្ថិរភាពរបស់រដ្ឋាភិបាល»។
គួរជម្រាបថា សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីព្រះរាជាបានជួបជាមួយអភិបាលរដ្ឋដទៃទៀត នៅព្រឹកថ្ងៃដដែលនេះ ដើម្បីពិភាក្សាអំពីសំុណើរររបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin សម្រាប់វិធានការណ៍បន្ទាន់ដើម្បីដោះស្រាយវិបត្តិ Covid-19។
ស្ថានការណ៍ COVID-១៩ នៅប្រទេសម៉ាឡេស៊ី មួយរយៈពេលចុងក្រោយនេះ បានប្រែកាន់តែអាក្រក់ឡើង ជាមួយនឹងករណីឆ្លងថ្មីៗ បានកើនឡើងជារៀងរាល់ថ្ងៃ។ ជាក់ស្តែងកាលពីថ្ងៃសៅរ៍សប្តាហ៍យនេះ មានករណីឆ្លងថ្មីចំនួន ១,២២៨ករណី ត្រូវបានកត់ត្រាបន្ថែមទៀត។ កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីស្វែងរកដំណោះស្រាយលើវិបត្តិ COVID-19 ហើយក៏បានសម្រេចស្នើទៅព្រះមហាក្សត្រ ដើម្បីសុំដាក់ប្រទេសក្នុងស្ថានភាពអាសន្ន៕