(ហាណូយ)៖ អាជ្ញាធរវៀតណាមនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា តួលេខអ្នកស្លាប់ដោយសារបំណាក់ដី ទឹកជំនន់ ព្រមទាំងគ្រោះធម្មជាតិដទៃទៀត ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ចាប់តាំងតែពីដើមខែតុលានេះមក បានកើនដល់១៣០នាក់ ហើយមនុស្ស១៨នាក់ទៀតនៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។
ចំនួនអ្នកស្លាប់ខាងលើដែលកើនពី១១៩នាក់ កាលពីថ្ងៃសៅរ៍ម្សិលមិញ គឺភាគច្រើនត្រូវបានរាយការណ៍ចេញពីខេត្តក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam)។ ជាមួយគ្នានេះ ផ្ទៃដីស្រែនិងចម្ការសរុបជិត១ម៉ឺនហិកតា ត្រូវបានជន់លិច ដោយសារតែទឹកជំនន់ ហើយសត្វគោ-ក្របី និងមាន់-ទាជាង១សែនក្បាល បានងាប់ឬក៏ត្រូវទឹកហូរនាំយកទៅ។
គួរជម្រាបថា វៀតណាមងាយនឹងរងគ្រួសារដោយសារព្យុះក៏ដូចជាទឹកជំនន់ គឺព្រោះតែប្រវែងឆ្នេរដ៏វែងរបស់ប្រទេសនេះ។ កាលពីឆ្នាំទៅ គ្រោះធម្មជាតិទាំងនេះ បានផ្តាច់ជីវិតមនុស្សសរុប១៣២នាក់ នៅប្រទេសវៀតណាម៕