Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកពូទីន កោតសរសើរចំពោះទំនាក់ទំនងរុស្ស៊ី-ចិន និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅ (Video inside)

23-10-2020 19:25

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះបានកោតសរសើរចំពោះទំនាក់ទំនងរុស្ស៊ី-ចិន និងបានបង្ហាញនូវការត្រៀមខ្លួនដើម្បីធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។

តាមរយៈប្រព័ន្ធវីដេអូ Conference នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៧ របស់ក្លឹប Valdai ដែលជាក្រុមជំនាញប្រឹក្សាយោបល់របស់រុស្ស៊ី លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «យើងមានការជឿទុកចិត្តគ្នាទៅវិញទៅមក។ យើងអាចថែរក្សាទំនាក់ទំនងមួយនេះ ប្រកបដោយនិរន្តរភាពគួរឲ្យទុកចិត្ត និងមានដំណើរការល្អនៅក្នុងដែននិងវិស័យផ្សេងៗគ្នា»

បុរសខ្លាំងរបស់រុស្ស៊ីរូបនេ បាននិយាយទៀតថា «មិត្តរបស់ខ្ញុំ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ហើយនិងខ្ញុំ តែងតែនិយាយគ្នាជាទៀងទាត់ ដោយបានពិភាក្សាអំពីអ្វីដែលយើងត្រូវធ្វើ។ យើងតែងតែស្វែងរកឱកាសថ្មីៗដើម្បីឆ្ពោះទៅមុខរួមគ្នា»

លោកពូទីន បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងចិននៅលើឆាកអន្តរជាតិ គឺជាកត្តាដ៏សំខាន់សម្រាប់ស្ថេរភាពកិច្ចការរបស់ពិភពលោក។ ប្រទេសរុស្ស៊ីមានឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដោយផ្អែកលើការគោរពនិងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕